៨ខែ ឆ្នាំ២០២១នេះ! កម្ពុជា នាំចេញអង្ករបានជាង ៣០ម៉ឺនតោន ថយចុះជាង២៣%
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំនេះ ការនាំអង្ករចេញទៅក្រៅប្រទេសមានចំនួន ៣៤៣ ៤៤៧តោន មានការថយចុះចំនួន ១០៤ ៧៥៦តោន (-២៣,៣៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន ៤៤៨ ២០៣តោន។
ដោយឡែកសម្រាប់ខែសីហា ឆ្នាំ២០២១នេះ ការនាំចេញមានចំនួន ៣៣ ៥៨២តោន កើនឡើងចំនួន ១១ ៤៥២តោន (៥១,៧៥%) បើធៀបនឹងខែសីហា ឆ្នាំ២០២០ ដែលមានចំនួន ២២ ១៣០តោន។
ក្នុងការនាំចេញនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២៤២ ៤៣២តោន ស្មើនឹង ៧០,៥៩% អង្ករសគ្រប់ប្រភេទមានចំនួន ៩៤ ៤៤១តោន ស្មើនឹង ២៧,៥០% និងអង្ករចំហុយមានចំនួន ៦ ៥៧៤តោន ស្មើនឹង ១,៩១% ដែលបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ៨៨ ២៧១តោន (ថយចុះចំនួន ៦១ ៥៧៧តោន ស្មើនឹង -៤១,០៩%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៦៥ ៦១២តោន (កើនឡើងចំនួន ៦ ៣៥៩តោន ស្មើនឹង ៣,៩៩%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៣៥ ៥៥៣តោន(ថយចុះចំនួន ២៥ ៣៨០តោន ស្មើនឹង -៤១,៦៥%) និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណសរុប ៥៤ ០១១តោន (ថយចុះចំនួន ២៤ ១៥៨តោន ស្មើនឹង -៣០,៩០%)។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុននាំចេញអង្ករមានចំនួន ៥៩ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២៤៧ ៩០៣ តោន (៧២,១៨%) និងក្រុមហ៊ុន៤៩ដទៃទៀតបាននាំចេញត្រឹមតែ ៩៥ ៥៤៤តោន (២៧,៨២%)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។