អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យខណ្ឌទាំង១៤ សម្អាតទីតាំងសាលារៀន ត្រៀមបើកសាលាឡើងវិញ
ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មកដល់ពេលនេះស្ថានភាពជំងឺកូវីដ១៩ បានថមថយហើយ យើងអាចបើកសាលារៀនឱ្យសិស្សានុសិស្សបានចូលរៀនវិញហើយ ពិសេសនៅកន្លែងដែលមានហានិភ័យទាប ។
ក្នុងនោះលោកអភិបាលក៏បានជំរុញដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារចុះសម្អាតអនាម័យ បរិស្ថាន ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងសាលាឱ្យបានស្អាត។ បន្ថែមពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងសុំអន្តរាគមន៍ពីកងទ័ព ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាបន្ថែមទៀត នៅពេលធ្វើពិធីបើកសាលាឱ្យចូលរៀនឡើងវិញ។
បើតាមលោក ឃួង ស្រេង កន្លងមកសាលារៀនមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសុខាភិបាលយកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩ តែចាប់ពីពេលនេះតទៅ អាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញដូចជា នៅទីតាំងរៀបអាពាហ៍ពិពាហ៍ ព្រីមៀរ សែន សុខជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។