រាជរដ្ឋាភិបាល ច្រានចោលសំណើទិញដីបឹង ជាង១ពាន់ហិកតា ក្នុងស្រុកល្វាឯម សម្រាប់អភិវឌ្ឍជាទីក្រុងរណប
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានច្រាន ចោលនូវសំណើទិញដីបឹងដែលមាន ទំហំ១០០០ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្ត កណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
យោងតាមលិខិត ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល ដែលបានស្នើសុំរាជរដ្ឋាភិបាល ទិញដីបឹង ១០០០ ហិកតា ក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល សម្រាប់រៀបចំអភិវឌ្ឍ ជាទីក្រុងរណបបែបទំនើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលច្រានចោល។
ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដដែលបានបញ្ជាក់ថា យោងតាមចំណាររបស់សម្តេចតេជោ រាជរដ្ឋាភិបាលសម្រេចត្រូវរក្សាទីតាំងដីដែលក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ ស្នើសុំទិញនោះ ជាផ្ទៃបឹងធម្មជាតិ សម្រាប់បម្រើប្រយោជន៍សាធារណៈ។
បន្ថែមពីនោះទៀត ចាំបាច់ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកឱ្យបានជ្រៅ ដើម្បីរក្សាទឹក និងជាពិសេសនោះ ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្ដាល ត្រូវបញ្ឈប់ការទទួល និងលើកសំណើដីតំបន់នេះមកទៀត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។