វ៉ាក់សាំង​ជាង​១៥​លាន​ដូ​ស អាមេរិក​បោះចោល ដោយ​ផុតកំណត់​ប្រើប្រាស់​

​ប្រទេស​ក្រីក្រ​ជាច្រើន​មិនទាន់មាន​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ ចំណែក​ប្រទេស​អ្នកមាន ទុក​វ៉ាក់សាំង​រហូតដល់​ផុតកំណត់​យកទៅ​បោះចោល​រាប់លាន​ដូ​ស​។ ក្នុង​ពេលនេះ អាមេរិក​បាន​បោះបង់ចោល​វ៉ាក់សាំង​រហូតដល់​ទៅ​១៥​លាន​ដូ​ស ដែលជា​ចំនួន​យ៉ាងច្រើន ខណៈ​ប្រទេស​ក្រីក្រ​មិនទាន់មាន​វ៉ាក់សាំង ចាក់​ជូន​ពលរដ្ឋ​ផង​។​

​តាម​តួលេខ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង​អាមេរិក CDC បាន​បញ្ជាក់ថា ទីតាំង​ចាក់​វ៉ាក់សាំង​នានា​នៅ​អាមេរិក មិនសូវមាន​ពលរដ្ឋ​ទៅ​ចាក់​ឡើយ ទាំងនោះ​ហើយ​បានធ្វើ​ឲ្យ​វ៉ាក់សាំង​ជាច្រើន​ផុតកំណត់ ។ សរុប​មាន​វ៉ាក់សាំង​ដល់​ទៅ ១៥,១​លាន​ដូ​សបាន​បោះចោល​នៅ​ថ្ងៃទី ១​ខែកញ្ញា​។ រដ្ឋ​ដែល​បោះបង់​វ៉ាក់សាំង​ចោល​ច្រើនជាងគេ គឺ​រដ្ឋ Texas, North Carolina, Pennsylvania និង Oklahoma ។​

​សារព័ត៌មាន Straitstimes បាន​ផ្សាយ​ថា មូល​ហេតុដែល​បោះបង់ចោល​វ៉ាក់សាំង​ច្រើន​បែបនេះ​គឺ​ដោយសារតែ​បញ្ហា​មួយចំនួន ដូចជា​ការរក្សា​ក្នុង​ទូ​ត្រជាក់ ឬ ក៏​បើក​ហើយ​ចាក់​ជូន​ពលរដ្ឋ​មិនទាន់​អស់ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង និង​ត្រូវ​ខូច​។ តាម​ការលើកឡើង​រប​ស់ CDC តួលេខ​នៃ​ការ​បោះចោល​វ៉ាក់សាំង​នៅមាន​តិច​នៅឡើយ​បើ​ប្រៀប​ធៀ​ចំនួន​វ៉ាក់សាំង​ដែល​បាន​ប្រើប្រាស់​។​

​មកដល់​ថ្ងៃនេះ​អាមេរិក​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​សរុប ៣៦០​លាន​ដូ​ស ក្នុងចំណោម​វ៉ាក់សាំង ៤០០​លាន​ដូ​សបាន​ចែកចាយ​ចាក់​ជូន​ពលរដ្ឋ​អាមេរិក​។ ជាមួយគ្នានេះដែរ អាមេរិក​ក៏បាន​ចែកចាយ​វ៉ាក់សាំង​ចំនួន ១០០​លាន​ដូ​ស​ទៅកាន់​ប្រទេស​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក តាម​កម្មវិធី COVAX របស​អង្គការ​សុខភាព​ពិភពលោក​។ មាន​ពលរដ្ឋ​អាមេរិក ៧២% មាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង​បាន​ចាក់​វ៉ាក់សាំង​មួយ​ដូ​ស និង ៦១,៥% បាន​ចាក់​វ៉ាក់សាំង​គ្រាប់​ចំនួន​ពីរ​ដូ​ស​។ ជាមួយគ្នានេះដែរ​អាមេរិក​មាន​គម្រោង​ចាក់​វ៉ាក់សាំង​ដូ​ស​បំពេញបន្ថែម គឺ​ដូ​ស​ទី​បី​នៅ​ថ្ងៃទី​២០​ខែកញ្ញា ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close