អាជ្ញាធរ​រាជធានី​ភ្នំពេញ អះអាងថា រដូវវស្សា​ឆ្នាំនេះ នៅ​រាជធានី​ភ្នំពេញ ឈប់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ទៀតហើយ​

​ភ្នំពេញ​៖ មន្ត្រី​ជំនាញ នៃ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្នុង​រយៈពេល ១៨​ថ្ងៃ ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង រាជធានី​ភ្នំពេញ មិនមាន​ការលិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​ទៀត​នោះទេ ក្រោយពី ដាក់ឱ្យ​ដំណើរការ​លូ​ខ្នាត​ធំ​អាង​ក្រោម​ដី ម៉ាស៊ីន​កាយ សំរាម​ស្វ័យប្រវត្តិ និង​ស្ថានីយ បូមទឹក​ថ្មី​វត្តភ្នំ ជា​តំបន់​ដែល​ធ្លាប់​លិច​ទឹក​ធ្ងន់ធ្ងរ​នៅ​ជុំវិញ​វត្តភ្នំ ផ្លូវ​លេខ​៤៧ ផ្លូវ​លេខ​៩០ ផ្លូវ​លេខ​៩២ និង​ផ្សារកណ្តាល ក្នុង​ខណ្ឌដូនពេញ​។​

​មន្ដ្រី​ជំនាញ​រូបនោះ បានឱ្យដឹង​កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ ថា កន្លងមក នៅ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក បាន​ដាក់ឱ្យ​ដំណើរការ​លូ​ខ្នាត​ធំ​បណ្តោះអាសន្ន ក្នុង រយៈ ពេល​៣​ថ្ងៃ ពិនិត្យឃើញថា ស្តុ​ប​ផ្សារ​មាន់​អាំង ផ្លូវ​លេខ​៥៩២ មុខ​វិទ្យាល័យ​ឥន្ទ្រ​ទេវី មាន​ភាព ល្អប្រសើរ មិនមាន​រង​ការ​លិច​ទឹកភ្លៀង​ទៀត​ដែរ​។ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី មន្ត្រីរដ្ឋបាល រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​មេត្តា ចូលរួម​សម្អាត​សំរាម​ដែល​កកស្ទះ​នៅមុខ​អណ្តូង​លូ ឬ​នៅមុខ​ផ្ទះ​រៀងៗ​ខ្លួន​ឱ្យបាន​ស្អាត​ផង​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២១ លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ លោក Tosh ikazu TOKIOKA លេខា​ទី​១ ស្ថានទូត​ជប៉ុន និង​លោកស្រី Aya TOKUMOTO តំណាង​អង្គការ​JICA ក៏បាន​ចូលរួម​ក្នុង ពិធី​ដាក់ឱ្យ​ដំណើរការ​ម៉ាស៊ីន​ត្រង​សំរាម​ដោយ​ស្វ័យប្រវត្តិ​នៅ​សួនច្បារ​មាត់ទន្លេ CDC ក្នុង សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤ របស់ ប្រទេស​ជប៉ុន​ផងដែរ​។

​គម្រោង​នេះ​បានដាក់​លូ​មេ​ជា​លូ​មូល និង​លូ​ប្រអប់​ខ្នាត​ធំ ដែល មាន​ទំហំ​ចាប់ពី​អង្កត់ផ្ចិត ១.៥ ម៉ែត្រ​ដល់​២.៣ ម៉ែត្រ​សាងសង់​អាង​ក្រោម​ដី ដែល​ស្តុក​ទឹក បាន​៦៥០០០​ម៉ែត្រគុប មាន​បណ្តោយ​១៣៥ ម៉ែត្រ ទទឹង​១៣​ម៉ែត្រ ជម្រៅ​៤​ម៉ែត្រ និង​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី​មាន​សមត្ថភាព​បូមទឹក​១.៤ ម៉ែត្រគុប​ក្នុង​១​វិនាទី ហើយ គម្រោង​នេះ​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ជុំវិញ និង​ខាងជើង​វត្តភ្នំ មាន​ផ្លូវ​លេខ​៤៧ ផ្លូវ​លេខ​៩០ និង​ផ្លូវ​លេខ​៩២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close