សម្តេច ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​

​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មកដល់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុខ​សុវត្ថិភាព បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ចាប់ពី​ថ្ងៃទី ១០ ដល់ ១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​អ​ញ្ញើញ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក លើក​ទី​២៧ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ជា​លទ្ធផល​នៃ​ការអញ្ជើញ​ចូលរួម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ជាទី​មោទនភាព ដោយ​ក្នុងនោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ប្រទេស​សំខាន់ៗ ។​

​តាមរយៈ​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ក៏បាន​ជំរុញ​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​រ​បស់​វិស័យ​ឯកជន​នៅក្នុង​ផ្នែក​ពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរឡើង ជាការ​លើកស្ទួយ​ពាណិជ្ជកម្ម វិនិយោគ រវាង​អាស៊ាន និង​ចិន រួមទាំង​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ​ចិន​ដែលមាន​សក្តានុពល​មក​កាន់​តំបន់​អាស៊ាន ក៏ដូចជា​កម្ពុជា​ផងដែរ​។​

​សំរាប់​វេទិកា​សេដ្ឋកិច្ចពិភពលោក​វិញ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចូលរួម​និង​ចែករំលែក​ទស្សនៈវិស័យ ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន ដើម្បី​ឈានទៅ​ការពង្រឹង​ការទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​បាន​កាន់តែ​ល្អប្រសើរ​ឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close