ក្រសួងអប់រំកែប្រែលទ្ធផលប្រឡងបាក់ឌុប ធ្វើឲ្យអ្នកជាប់និទ្ទេស A កើនដល់ជាង៤រយនាក់
ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ខ្លួននៅរសៀលថ្ងៃនេះថា ដោយសារតែដំណើរការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រមានបញ្ហាបច្ចេកទេស បានធ្វើឲ្យប៉ះពាល់ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់បេក្ខជនចំនួន៧៤០បន្ទប់។
បន្ទាប់ពីដោះស្រាយបញ្ហាបច្ចេកទេសរួច លទ្ធផល នៃការប្រឡងគឺត្រូវបានកែប្រែ ដោយក្នុងនោះមានបេក្ខជនជាប់សរុបចំនួន ៧៦,០៣៤នាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានចំនួន ៤០៨នាក់ , និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥២,១៨៣នាក់។
ក្រសួងបានបញ្ជាក់ថា បញ្ហាបច្ចេកទេសនេះ គឺប៉ះពាល់តែថ្នាក់វិទ្យាសាស្ត្រប៉ុណ្ណោះ ដោយមិនប៉ះពាល់ដល់ថ្នាក់វិទ្យាសាស្ត្រសង្គមនោះទេ។
តាមការបញ្ជាក់របស់ក្រសួងអប់រំ ក្រសួងនឹងចេញលទ្ធផលប្រឡងថ្មីសម្រាប់ថ្នាក់វិទ្យាសាស្ត្រនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ លើទំព័រហ្វេសប៊ុកក្រសួង និងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមមន្ទីរអប់រំ យុវជន និងកីឡា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។