កម្ពុជា រកឃើញ​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី​ដែល​តា សរុប ២ ៦៤៧​នាក់​ហើយ!​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២១ កម្ពុជា បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ មេរោគ​បំប្លែង​ថ្មី ដែល​តា សរុប ២,៦៤៧​នាក់​ហើយ​។ រាជធានី​ភ្នំពេញ មាន​ចំនួន​ច្រើនជាងគេ រហូតដល់ ៤២៣​នាក់​។ មកដល់ពេលនេះ មានតែ​ខេត្ត​កែប និង​ក្រចេះ​តែប៉ុណ្ណោះ ដែល​មិនទាន់មាន​មេរោគ​បំប្លែង​ថ្មី​នេះ​។​

​ក្រសួងសុខាភិបាល បានប្រកាស​នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ ថា មេរោគ​បំប្លែង​ថ្មី​ដែល​តា​នេះ រកឃើញ​លើ​អ្នកដំណើរ​មកពី​បរទេស​តាម​ជើងហោះហើរ ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ ពី​ប្រទេស​វៀតណាម ប្រជាជន​អ្នកភូមិ​នៅក្នុង​សហគមន៍ ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិក​ធនាគារ ដូនជី​នៅ​វត្ត និង​សិស្ស​។​

​ក្រសួងសុខាភិបាល បាន​គូសបញ្ជាក់ថា តាម​លទ្ធផល​នេះ បង្ហាញឱ្យឃើញថា មេរោគ​ដែល​តា បាននិងកំពុង​បន្ត​រាតត្បាត​វាយ លុក​ចូលក្នុង​សហគមន៍​របស់​យើង ជាពិសេស រាជធានី​ភ្នំពេញ ខេត្ត​ឧ​ត្ត​រ​មានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និង​បណ្តា​ខេត្ត​មួយចំនួនទៀត​។​

​ជាមួយគ្នា ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បន្ត​ក្រើនរំលឹក និង​អំពាវនាវ​ដោយ​ទទូច​ដល់​សាធារណជន​ទូទាំងប្រទេស​កម្ពុជា ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ ការពារ​ខ្លួន កុំ​ភ្លេចខ្លួន​ឱ្យសោះ ដោយ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅរ​បស់​ខ្លួន​ឱ្យស្រប​តាម​ពាក្យស្លោក​ដែលថា​៖ «​រៀន​រស់នៅ​ធម្មតា​ជាមួយ​វីរុស​កូ​វីដ​-១៩ តាមបែប​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង ជំងឺ​កូ​វីដ​-១៩» សំដៅ​បង្ការ គ្រប់គ្រង និង​កាត់ផ្តាច់​នូវ​ខ្សែចម្លង​នៃ​វីរុស​កូ​វីដ​-១៩ ជាពិសេស​ពពួក​ប្រភេទ​បំប្លែង​ថ្មី​នេះ ឬក៏ ប្រភេទ​ថ្មី​ផ្សេងទៀត ដែល​អាច​កើតមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ជាយថាហេតុ​ណាមួយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close