អភិបាល​ខេត្ត​បន្ទាយមានជ័យ​ រិះគន់ប្រធានមន្ទីរពេទ្យមង្គលបូរី រឿងមិនគិតពីក្រមសីលធម៌ ក្នុង​ជួយសង្រ្គោះជីវិតមនុស្ស

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក​ អ៊ុំ​ រាត្រី​ បានធ្វើការ​រិះគន់​ចំៗ​ចំពោះប្រធានមន្ទីរពេទ្យមង្គលបូរី​ ដោយថា មិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារ។

តាមរយៈ​បណ្តាញសង្គម​កាលពីយប់​ថ្ងៃសៅរ៍ លោក អ៊ុំ រាត្រី បានសរសេរថា «ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោកអិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថា ជាគោលការណ៏ត្រូវរកអ្នកឲ្យ​ឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ» ។

ចំពោះករណីនេះ លោក​បាន​លើក​ឡើងថា តើការគ្រប់គ្រងរបៀបនេះគួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោកចន្ទ័ វុឌ្ឍីណាវុធជាប្រធាន។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close