រដ្ឋប្រហារ​ដោយ​យោធា​នៅ​ប្រទេស Guinea ប្រធានាធិបតី​ត្រូវ​យោធា​ចាប់ខ្លួន​

លោក Mamadi Doumbouya មេបញ្ជាការ​កម្លាំង​ទាហាន Guinea បានប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​នៅ​ថ្ងៃទី ៥​ខែកញ្ញា​ថា «​ក្រោយ​ការចាប់ខ្លួន​ប្រធានាធិបតី Alpha Conde យើង​បានសម្រេច​រំលាយ​រដ្ឋាភិបាល​»​។ មេទ័ព Mamadi Doumbouya​បញ្ជាក់ទៀតថា ផ្លូវគោក​ផ្លូវអាកាស​ត្រូវបាន​បិទ​។ លោក​មិនបាន​បញ្ជាក់ថា​ប្រធានាធិបតី Alpha Conde ពេលនេះ​នៅទីណា​នោះឡើយ​។​

​មុនពេល​ចាប់ខ្លួន​ប្រធានាធិបតី Alpha Conde ក៏មាន​ការប៉ះទង្គិច​គ្នា​នៅ​ជិត​វិមាន​ប្រធានាធិបតី Guinea នៅ​រដ្ឋធានី Condakry នា​ព្រឹក​ថ្ងៃទី ៥​ខែកញ្ញា (​ពេលវេលា​ក្នុង​តំបន់​)​។ ប៉ុន្មាន​ម៉ោង​ក្រោយមក​ក៏មាន​ឃ្លី​ប​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​បង្ហាញ​ឲ្យ​ឃើញថា ប្រធានាធិបតី​ត្រូវបាន​យោធា​ចាប់ខ្លួន​។​

​មន្ត្រី​យោធា​ដែល​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​បានលើកឡើង​ថា «​ភាពក្រីក្រ និង​អំពើពុករលួយ​រីករាយ​ដាន​នៅក្នុង​ជួរ​រដ្ឋាភិបាល » ។ កតា​ទាំងនោះ​ហើយ​បង្ខំ​ឲ្យ​យោធា ត្រូវធ្វើ​រដ្ឋប្រហារ ចាប់ខ្លួន​ប្រធានាធិបតី​នឹង​រំលាយ​រដ្ឋាភិបាល ដើម្បី​រៀបចំ​រដ្ឋាភិបាល​ថ្មី​ឡើងវិញ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ប្រធានាធិបតី Conde ត្រូវបាន​យោធា​បញ្ជូន​ទៅកាន់​ទីតាំង​មួយ​ដែល​គេ​មិន​ឲ្យ​ដឹង​នោះឡើយ​។ តាម​ប្រភពព័ត៌មាន ក្រៅពី​ប្រធានាធិបតី នៅមាន​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​ទៀត ក៏​ស្ថិតនៅក្នុង​ការចាប់ខ្លួន​ពី​កម្លាំងយោធា​ផងដែរ​។​

​នៅពេលនេះ​គេ​មិនទាន់​ដឹងថា មេដឹកនាំ​យោធា​ធ្វើ​រដ្ឋប្រហារ​ឧ​ត្ត​ម​សេនី Doumbouya បាន​គ្រប់​គ្រង់​ប្រទេស​ទាំងស្រុង​ហើយ​ឬ​នៅ ។ ក្រសួងការពារជាតិ​Guinea បាន​បញ្ជាក់ថា មានការ​វាយប្រហារ​សំដៅ​ទៅលើ​វិមាន​ប្រធានាធិបតី ប៉ុន្តែ​ត្រូវបាន​កម្លាំង​ទាហាន​ពិសេស តទល់​ហើយ​បណ្តេញ​ចេញពី​ទីនោះ ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close