រថយន្ត​ដឹកជញ្ជូន​ខ្សាច់ ៦​គ្រឿង ត្រូវបាន​ផាកពិន័យ និង​ឃាត់ទុក ១​ឆ្នាំ ករណី​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​!

​យានយន្ត​ដឹកជញ្ជូន​ខ្សាច់​ធុន​ធ្ងន់​ចំនួន ៦​គ្រឿង ត្រូវបាន​ផាកពិន័យ និង​ឃាត់ទុក​ចំនួន ១​ឆ្នាំ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តរតនគិរី ចំនួន ៥​គ្រឿង និង​១​គ្រឿង​ទៀត នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ ដោយ​យោងតាម​មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។

​កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមការងារ​ចល័ត​ចម្រុះ​សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បានធ្វើ​ការឃាត់​ត្រួតពិនិត្យ​យានយន្ត​ដឹក​ខ្សាច់​ចំនួន ៥​គ្រឿង ដែល​ដឹក​លើស​ចាប់ពី ១៥​តោន ដល់​២២​តោន បានធ្វើការ​ផាកពិន័យ និង​ឃាត់ទុក​រយៈពេល ១​ឆ្នាំ ដោយសារ​ផ្ទុក​ទម្ងន់​លើសពី​២០% នៃ​ទម្ងន់​អនុញ្ញាត អនុលោម​តាម​មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។

​គួរ​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ធ្វើ​នៅលើ​ផ្លូវជាតិ​លេខ​៧៨ ក្នុងភូមិ​អូរ​កន្សែង ឃុំ​បឹង​កន្សែង ស្រុក​បាន​លុង ខេត្តរតនគិរី​។ ​ដោយឡែក យានយន្ត​ដឹក​ខ្សាច់​ធុន​ធ្ងន់ ផ្ទុក​ទម្ងន់​សរុប ៧០​តោន ១​គ្រឿង​ទៀត ដែល​ផ្ទុក​លើស​៣០​តោន បានធ្វើការ​ផាកពិន័យ និង​ឃាត់ទុក​រយៈពេល ១​ឆ្នាំ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ​ដោយសារ​ផ្ទុក​ទម្ងន់​លើសពី ២០% នៃ​ទម្ងន់​អនុញ្ញាត អនុលោម​តាម​មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។

​ក្រសួង សូម​រំលឹក​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ម្តង​ហើយ ម្តង​ទៀតថា​៖ ក្រសួង​នឹង​បន្ត​អនុវត្តតាម​បទ​ប្បញ្ញត្តិ​ច្បាប់​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​យ៉ាង​ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close