អាជ្ញាធរខេត្តសៀមរាប ដុតកំទេចចោលឱសថបំប៉នសុខភាពជាង ១តោន ដែលគ្មានលេខបញ្ជីការពីក្រសួងសុខាភិបាល
ខេត្តសៀមរាប៖ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប និងមន្ត្រីជំនាញ បានរៀបចំការដុតកំទេចចោលឱសថបំប៉នសុខភាពគ្មានលេខបញ្ជីការក្រសួងសុខាភិបាល ប្រមាណជាង ១តោន ក្នុងបរិវេណនៃទីលានចោលសំរាមរបស់ក្រុមហ៊ុនឯកជនមួយ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាបសៀមរាប។

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ឱសថបំប៉នសុខភាពទាំងនេះ ផលិតនៅសហរដ្ឋអាមេរិក និងបានដឹកជញ្ជូនតាមជើងយន្តហោះ ហើយក្រោយការចាប់បានវត្ថុតាង អង្គភាពប៉ូលីសបានប្រគល់ឲ្យជំនាញសុខាភិបាល ផាកពិន័យអន្តរកាលតាមច្បាប់គ្រប់គ្រងឱសថ និងស្របតាមទម្ងន់សាលក្រមព្រហ្មទណ្ឌលេខ(៦០) របស់សាលាដំបូងខេត្តសៀមរាប។
លោកស្រី លី វណ្ណៈ បានបញ្ជាក់ទៀតថា ការដុតកំទេចឱសថបំប៉នសុខភាពនាពេលនេះ មានការយឺតយ៉ាវក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ វាបានទប់ស្កាត់ទាន់ពេលវេលា នៃការធ្វើចរាចរណ៍ឱសថទាំងនេះលើទីផ្សារ ដែលវាមិនប្រាកដថា គុណភាពរបស់វាយ៉ាងដូចម្តេច ឬក៏ថា វាអាចបង្កគ្រោះថ្នាក់សុខភាពដល់អ្នកប្រើប្រាស់យ៉ាងណានោះទេ បើសិនជាឱសថទាំងនោះ វាបានធ្លាយទៅដល់ដៃអតិថិជនរបស់គេនោះ ដូច្នេះនិយាយរួម គឺយើងបានទប់ស្កាត់ចំពោះហានីភ័យសុខភាពនៃអ្នកប្រើប្រាស់ ។

ក្នុងដីកាបញ្ជូនរបស់សាលាដំបូងខេត្តសៀមរាប សំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ជូនមកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានវិនិច្ឆ័យសេចក្តីថា គឺត្រូវបានរឹបអូសទំនិញចម្រុះ ( អាហារបំប៉ន ម្សៅក្រែម ស្កគ្រាប់ និងនំ ) មានចំនួន ៧០មុខ ស្មើ នឹង១.២០២.៣៦៦គ្រាប់ ដែលមានទម្ងន់ ១.៣០១ គីឡូក្រាម ដែលនាំចូលដោយគ្មានការអនុញ្ញាតពីសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលវត្ថុចាប់យកទាំងនេះ ត្រូវបានរក្សាទុកនៅមន្ទីរសុខាភិបាលខេត្តសៀមរាប ហើយសាលក្រមជំនុំជម្រះនេះ ប្រកាសជាសាធារណៈកំបាំងមុខជនជាប់ចោទ នឹងត្រូវបានទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។