នគរបាលរាជធានីភ្នំពេញ បដិសេធសារព័ត៌មានបរទេស VOD ចុះផ្សាយថា មានករណីគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាន នៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ

ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺ និងបដិសេធលើការចោទប្រកាន់ខុសពីការពិតមកលើសមត្ថកិច្ច តាមពិតជាក់ស្តែង នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអជ្ញារមូលដ្ឋានសង្កាត់បឹងទំពន់១ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតាមបន្ទប់ជួលនៅសង្កាត់បឹងទំពន់១ ដោយសារមានជនសង្ស័យលើបទល្មើសឆក់រត់ចូលក្នុងទីតាំង ដូចបានបញ្ជាក់ខាងលើ ពេលកំពុងអនុវត្តការងារក៏មានយុវជន២នាក់ ចេញមកថតសកម្មភាពអនុវត្តការងាររបស់សមត្ថកិច្ចដោយពុំមានការអនុញ្ញាតិ ដោយឃើញដូច្នេះសមត្ថកិច្ចជំនាញ ក៏បានធ្វើការណែនាំអប់រំ និងឱ្យលប់រូបនេះចេញវិញ ដោយមិនបានធ្វើការឃាត់ខ្លួន ឬដាក់ទោសអ្វីឡើយ។
ក្នុងនាមសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់គ្រប់សារព័ត៌មានជាតិ អន្តរជាតិ និងសាធារណៈជនទាំងអស់ មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មាន សូមធ្វើការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ដោយកុំធ្វើការសន្និដ្ឋានដោយអត្តនោម័ត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ និងធ្វើឱ្យមានការវាយតម្លៃអវិជ្ជមាន ចំពោះកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ដែលអំពើនេះគួរតែត្រូវបានបញ្ឈប់ជាបន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។