បាក់ដីដំបូកធ្លាក់សង្គត់ចំក្បាល បុរសវ័យចំណាស់ម្នាក់ ស្លាប់នៅនឹងកន្លែង!

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យ៥៧ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ ខណៈពេលទៅជីកដីដំបូកយកមកបិទឡដុតធ្យូង ត្រូវដីដំបូកបាក់សង្កត់លើ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈន់ ឈៀង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះ បានទៅជីកដីដំបូកនៅចំណុចក្រោយផ្ទះចម្ងាយប្រហែល២០ម តែម្នាក់ឯងយកដីបិទឡដុតធ្យូង នៅពេលកំពុងតែជីកដី ស្រាប់តែដីដំបូកមានកម្ពស់ប្រហែល៣ម៉ែត្រ បានបាក់ធ្លាក់មកសង្កត់ចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ប្រភពថា ពេលបាក់ដីធ្លាក់សង្កត់នោះ គ្មានអ្នកណាដឹងនឹងជួយនោះទេ លុះប្រពន្ធដើរទៅមើលប្តី ក៏ស្រាប់តែឃើញប្តីដេកស្លាប់ផ្គាប់មុខដោយដីដំបូកដ៏ធំសង្កត់ក្បាលស្លាប់ក្បែរឡ។ សព ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។