ក្រោយមានការទាមទារ ក្រុមតាលីបង់បានសន្យាផ្តល់តំណែងក្នុងជួររដ្ឋាភិបាល
កន្លងមកស្ត្រីអាហ្វហ្គានីស្ថានជាច្រើន បាននាំគ្នាធ្វើបាតុកម្ម ក្រោយក្រុមតាលីបង់ប្រកាសរដ្ឋាភិបាលបណ្តោះអាសន្នមិនមានស្ត្រីចូលរួម ។ នៅពេលនេះអ្នកនាំពាក្យ ក្រុមតាលីបង់ Zabihullah Mujahid បានឲ្យដឹងថា ក្នុងពេលអនាគត់រដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថាន នឹងមានតំណែងសម្រាប់ស្ត្រី។ កាលពីថ្ងៃទី ៧ខែកញ្ញាក្រុមតាលីបង់បានប្រកាសរដ្ឋាភិបាលបណ្តោះអាសន្ន ប៉ុន្តែមិនមានស្ត្រី កាន់តំណែងជារដ្ឋមន្ត្រីនោះឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ Zabihullah Mujahidកាលពីថ្ងៃទី ៨ខែកញ្ញា បានបញ្ជាក់ថា«នេះគ្រាន់តែជារដ្ឋាភិបាលបណ្តោះអាសន្នប៉ុណ្ណោះ ។ យើងនឹងមានច្បាប់និយាយពីស្ត្រីតាមច្បាប់ Sharia ។ នេះជាជំហានដំបូង ហើយយើងនឹងផ្តល់តំណែងដល់ស្ត្រី ដែលជាផ្នែកមួយនៃរដ្ឋាភិបាល ក្នុងដំណាក់កាលទីពីរ»។
នៅថ្ងៃទី៨ខែសីហាពលរដ្ឋនៅទីក្រុងកាប៊ុលនាំគ្នាធ្វើបាតុកម្ម នៅតំបន់ Dashte Barchi ភាគខាងលិចទីក្រុងកាប៊ុល ដោយទាមទារធានាដល់ការចូលរួមរបស់ស្ត្រីក្នុងការដឹកនាំប្រទេស។ ជាមួយគ្នានេះ ស្ត្រីជាច្រើនក៏បានជួបជុំគ្នានៅ Kunduz ដើម្បីបង្ហាញការគាំទ្រដល់រដ្ឋាភិបាលបណ្តោះអាសន្ន ក្នុងប្រទេសនេះ។
អង្គការស្ត្រីរបស់អង្គការសហប្រជាជាតិ(UN Women) នៅថ្ងៃទី ៨ខែកញ្ញា បានបង្ហាញ ការខកចិត្តយ៉ាងខ្លាំង ពីសមសភាពរដ្ឋាភិបាលថ្មីរប់សអាហ្វហ្គានីស្ថាន ដោយមិនមានតំណែងណាមួយសម្រាប់ស្ត្រី ។ អង្គការ UN Women បានលើកឡើងថា បានទទួលព័ត៌មានជាច្រើន ស្តីពីការហាមប្រាមស្ត្រីចាកចេញពីផ្ទះ។
មេដឹកនាំក្រុមតាលីបង់ លោក Hibatullah Akhundzada កន្លងមកបានឲ្យដឹងថា អាហ្វហ្គានីស្ថាននិងគ្រប់គ្រងទៅតាមច្បាប់ Sharia ។ ទន្ទឹមនឹងនោះមេដឹកនាំតាលីបង់បញ្ជាក់ថា សិទ្ធិមនុស្ស និងក្រុមជនជាតិភាគតិចទទួលបានការការពារតាមច្បាប់អ៊ីស្លាម ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។