ចាក់សម្លាប់ប្អូនស្រីបង្កើត និងប្អូនថ្លៃស្លាប់២នាក់ប្ដីប្រពន្ធនៅភ្នំពេញ រួចលោតសម្លាប់ខ្លួនឯង តែមិនស្លាប់
បុរសម្នាក់ជនជាតិហ្វីលីពីន បានយកកន្រ្តៃចាក់ទៅលើប្អូនស្រីបង្កើត និងប្អូនថ្លៃ បណ្ដាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម នៅបន្ទប់ដេក ក្រោយមកជនបង្កបានលោតចុះពីជាន់ទី១ មកជាន់ផ្ទាល់ដីបណ្ដាលរបួសធ្ងន់។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅចំណុច YABES APARTMENT លេខ២៥ តាមផ្លូវ១០៣ ក្រុម២៥ ស្ថិតនៅភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
បុរសជនជាតិហ្វីលីពីននោះ ត្រូវគេបញ្ជាក់ថា មានអាយុជាង៥០ឆ្នាំ គាត់បានឈ្លោះគ្នាជាប្ដីប្រពន្ធទាំងពីរនោះតាំងពីម្សិលមិញ ថ្ងៃទី០៩ ខែកញ្ញា ដោយលឺសំឡេងប្រកែកតឹងសរសៃក ក្រោយមកបានស្ងាត់ ទៅវិញរហូតដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បង្កការភ្ញាក់ផ្អើលថា បុរសនោះបានយកអាវុធមុតស្រួចចាក់ទៅលើជនរងគ្រោះប្ដីប្រពន្ធ ត្រូវជាប្អូនបង្កើត និងប្អូនប្រុសថ្លៃស្លាប់ភ្លាមៗ។
ក្រោយមក បុរសជនបង្កនេះ មានសភាពភ័យស្លន់ស្លោ រួចបានតោងបង្កាន់ដៃថ្មជាន់ទី១ លោតចុះមកខាងជាន់ផ្ទាល់ដី បណ្ដាលរងរបួសធ្ងន់។
ជនរងគ្រោះស្លាប់០២នាក់ ឈ្មោះ Jerry l Cervancz Jr អាយុ៤១ឆ្នាំ ជនជាតិហ្វីលីពីន និងឈ្មោះ Grace Yabes Suyat ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិហ្វីលីពីន។ ជនរងគ្រោះជាប្ដីប្រពន្ធនឹងគ្នា។ ដោយឡែក ជនសង្ស័យឈ្មោះ YABES FERMIN JR SUYAT អាយុ៥៩ឆ្នាំ ស្នាក់នៅខុនដូរខាងលើ មុខរបរម្ចាស់អាផាតមិន (ឃាត់ខ្លួនបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យខេម៉ា) ត្រូវជាបងបង្កើតរបស់ជនរងគ្រោះឈ្មោះ Grace Yabes Suyat។
កូនរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុបានឃើញជនសង្ស័យ ដើរចូលចង្រ្កានបាយជនរងគ្រោះ ត្រូវជាម្ដាយ ហើយជនសង្ស័យ បានឈ្លោះទាស់ទែងគ្នា (មិនដឹងឈ្លោះរឿងអី) រួចជនសង្ស័យ បានយកកូនកាំបិតចិតបន្លែ នៅផ្ទះបាយចាក់មកលើជនរងគ្រោះជាម្ដាយខ្លួនឈ្មោះ Grace Yabes Suyat ដែលជាប្អូនបង្កើតជាច្រើនកាំបិត។
ពេលនោះជនរងគ្រោះ ដែលជាប្តីបានស្ទុះមកជួយ ហើយក៏ប្រតាយប្រតប់គ្នា រួចក៏ត្រូវជនសង្ស័យចាក់ទៅលើជាច្រើនកាំបិតទៀត បណ្តាលឲ្យស្លាប់ទាំងពីរនាក់តែម្តង ហើយជនសង្ស័យបានស្ទុះរត់ចេញមកក្រៅ លោតចុះមកក្រោមរងរបួសធ្ងន់ឈាមពេញខ្លួន ត្រូវបានដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យខេម៉ា ផ្លូវ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ សពរង់ចាំទាក់ទងទៅស្ថានទូត យករក្សាទុកនៅទូរក្សាសព ដោយសារកូនជនរងគ្រោះ២នាក់ នៅក្មេងពេកអាយុត្រឹម១២ឆ្នាំប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។