គយ ប្រកាសផ្អាកបង្ក្រាបយានយន្តគ្មានពន្ធ ជ្រកក្រោមស្លាកលេខផ្សេងៗ និងផ្តល់ការអនុគ្រោះបន្ធូបន្ថយពន្ធ១០ភាគរយ សម្រាប់ការបង់ត្រឹមចុងឆ្នាំនេះ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសផ្អាកសកម្មភាពបង្ក្រាបយានយន្តជ្រកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល នៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បីទុកពេលឲ្យម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធនិងអាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។
យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងដែរថា ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្ត ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឲ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបាន ការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០ភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការបន្ធូរបន្ថយនេះ មានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ នឹងមិនគ្របដណ្តប់លើយានយន្ត មានឆ្នាំផលិត២០២១ ឡើយ។
សេចក្តីជូនដំណឹងបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុវត្តឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្តត្រូវបំពេញកាតព្វកិច្ចពន្ធ និងអាករពេញលេញ ដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។
អគ្គនាយកដ្ឋានគយ បានឲ្យដឹងដែរថា ចំពោះរថយន្តចង្កូតស្ដាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ ស្មើនឹងប្រាក់ពន្ធនិងអាករសរុបដក១០ភាគរយ និងត្រូវយករថយន្តទៅកែចង្កូតពីស្ដាំទៅឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរបំផុត ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីប្ដូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាប័ត្ររថយន្តពីមន្ត្រីគយ។
ជាមួយគ្នានោះ អគ្គនាយកដ្ឋានគយ ក៏បានអនុញ្ញាតឱ្យសាខានិងការិយាល័យគយនិងរដ្ឋាករ នៅទូទាំងប្រទេស ទទួលការបង់ពន្ធនិងអាករ លើយានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករ។
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ យានយន្តគ្មានពន្ធ ដែលបង្ក្រាបបាននឹងត្រូវតម្រូវឲ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្ដាំ ដែលជាប្រភេទរថយន្តហាមគាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំណែកជាគ្រឿងបន្លាស់។
អគ្គនាយកដ្ឋាន បានអំពាវនាវឲ្យម្ចាស់យានយន្តគ្មានពន្ធទាំងអស់ រួសរាន់ដោយស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល ឲ្យបានទាន់ពេលវេលា តាមគោលការណ៍និងយន្តការខាងលើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។