លោក​ព្រះរាជអាជ្ញារង សៀង សុខ បន្ត​ការសាកសួរ​ឪពុក​និងកូន​ជនជាតិ​កូរ៉េ​២​នាក់​ពាក់ព័ន្ធលុយ​ជិត​៨​លាន​ដុល្លារ​អាមេរិក

​ភ្នំពេញ​ ៖ ​លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ នេះ បន្ត​ការសាកសួរ​លើ​ឪពុក​និង​កូនស្រី ជនជាតិ​កូរ៉េ​២​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​មួយ​អស់ប្រាក់​ជិត​៨​លាន​​​​ដុល្លារ​អាមេរិក ។​

​មន្ត្រី​តុលាការ​បញ្ជាក់ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទី​១​ឈ្មោះ ចូ ស៊ូ​អិន Cho So In ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​កូរ៉េខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M36107313 ។​ ​ជនសង្ស័យ​ទី​២​ឈ្មោះ ចូ សាម​ហ្សុ​ង Cho Samsung ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ឪពុក ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ១៥ ផ្លូវ​១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ​ដែល​ប្ដឹង​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឪពុក​កូន​ឈ្មោះ ជិន ជី​ហុង Jin Zhehong ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន ជា​ពាណិជ្ជករ តំណាងអោយ​ក្រុមហ៊ុន​ Shenyang Aiweiou Healfh Products Co.ltd មាន​អ​សយ​ដ្ឋា​ន​ផ្ទះ​លេខ ២៧ ផ្លូវ​លេខ ១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​ ​ឥឡូវនេះ​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់លោក​ព្រះរាជអាជ្ញារង​ សៀង សុខ ។

​ប្រភពព័ត៌មានបញ្ជាក់ថា ចំពោះ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ចិន​ដែល​បាន​ប្ដឹង​ជន​ជាតិ​កូរ៉េ​ពីបទ​ឆបោក​មាន​ទឹកប្រាក់​ចំនួន​២៩២,០៤៥​ដុល្លារ ប្រព្រឹត្ត​កាលពី​អំឡុង​ខែ វិច្ឆិកា ឆ្នាំ​២០១៦ និង​បទ​លួច​មាន​ទឹកប្រាក់​ចំនួន​៧,២០៥,៨៨២​ដុល្លារ ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០១៧ និង​បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ។​ ​កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ចិន Shenyang ត្រូវ​ការទិញ​រថយន្ត​អាមេរិក​ទំនើប​មួយគ្រឿង​ម៉ាក LINCOLN NAVEGATOR Airforce one ផលិត​ឆ្នាំ​២០១៧ ពី​ក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់​ទទួលភ្ញៀវ​ពិសេស​ក្នុង​ឆ្នាំ​២០១៧ ដែលមាន​តម្លៃ​ទីផ្សារ​ពេលនោះ ៣០០,០០០​ដុល្លារ ។

ស្រាប់តែ​ពេលនេះ ឈ្មោះ ចូ ស៊ូ​អិន ដែលជា​ជំនួយការ​ប្រធាន​ក្រុមហ៊ុន​បាន​និយាយថា​ឪពុក​របស់គាត់​ឈ្មោះ ចូ សាម​ហ្សុ​ង មាន​បទពិសោធ​ក្នុង​ការទិញ​និង​នាំចូល​រថយន្ត​ក្នុងតម្លៃ​ទាប​ជាង​ក្រុមហ៊ុន​Tianjing គឺ​ប្រហែល​តម្លៃ ២២២,០០០​ដុល្លារ​ប៉ុណ្ណោះ ។ ​ពេលនោះ​ក្រុមហ៊ុន​ដែល​កុំម៉្មង់​ទិញ​បាន​ពន្យល់​អំពី​លក្ខណៈ​រថយន្ត​ដែល​ទិញ​គឺមាន​បំពាក់​ឧបករណ៍​ទំនើប​និង​កញ្ចក់​កាង​ការពារ​គ្រាប់​កំ​ភ្លើង ។

​បន្ទាប់មក​ពួកគេ​បាន​ឯកភាពគ្នា ហើយ​ក្រុមហ៊ុន​បាន​ផ្ទេរប្រាក់​ឱ្យចំ​នួន​៨​ដង ស្មើ​ទឹកប្រាក់​៣១៤,០០០​ដុល្លារ អោយ​ចូស៊ូ​អិន និង​ចូ សាម​ហ្សុ​ង ។ លុះដល់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៧ ទើប​ពួកគេ​បាន​យក​រថយន្ត​ជជុះ​មួយគ្រឿង​មាន​ភិនភាគ​ប្រហាក់ប្រហែល​នឹង​រថយន្ត​ដែល​ក្រុមហ៊ុន​កុំម៉្មង់​មកឱ្យ​។ ​ពេលនោះ​ក្រុមហ៊ុន​មិន​ទទួលយក​ឡើយ ហើយ​ពួកគេ​ក៏បាន​ថា​នឹង​យក​រថយន្ត​ថ្មី​មកឱ្យ​ហើយក៏​យក​រថយន្ត​ជជុះ​នោះ​ទៅវិញ​បាត់​រហូតដល់​ពេលនេះ ។​

​មិនតែប៉ុណ្ណោះ​នៅពេល​ឈ្មោះ ចូ ស៊ូ​អិន ធ្វើជា​ជំនួយការ​របស់​នាយក​ក្រុមហ៊ុន បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ ចូ សាម​ហ្សុ​ង ជា​ឪពុក​បាន​លួច​ដក​សាច់​ប្រាក់សុទ្ធរ​បស់​ក្រុមហ៊ុន​អស់​ចំនួន ៧,២០៥,៨៨២​ដុល្លារ​ទៀត ហើយរ​ត់ទៅ​ប្រទេស​កូរ៉េ​វិញ ទើបតែ​ថ្មីៗ​នេះ​បុរស​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឪពុក​កូន​បានមក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​ទិញ​ខុន​ដូរ​រស់នៅ និង​ទិញ​រថយន្ត​មាក​រ៉ង់​រ៉ូ​វើ​ពាក់​ស្លាក​លេខ​.​ខម មាន​អង្គរក្ស​ការពារ​ជិះ​ទៀត​ទើប​ក្រុមហ៊ុន​ដែល​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close