អភិបាលខេត្តកំពង់ស្ពឺ ប្រាប់​អភិបាលស្រុកឱរ៉ាល់ ជួយមើលស្ពានបាឡេ តាគ្រាំង ដែលកំពុងទ្រុឌទ្រោម

ក្នុងពិធីប្រកាស​ចូលកាន់តំណែង​អភិបាលស្រុកឱរ៉ាល់ កាលពីពេលថ្មីៗនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យអភិបាលស្រុកឱរ៉ាល់​ដែលទើបទទួលបានការផ្លាស់ប្តូរថ្មី យជួយមើលស្ពានដែកបាឡេ តាគ្រាំង ដែលកំពុង​ទ្រុឌទ្រោមមួយកន្លែង ខណៈស្ពាននោះមានវ័យចំណាស់ ដែលកំពុងប្រឈម​នឹងការដឹកធ្ងន់ៗ។

លោក វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្នស្រុកឱរ៉ាល់ ជាស្រុកមួយដែលមាន​សក្តានុពលខ្លាំងលើផ្នែកទេសចរណ៍ ផ្នែកអចលនទ្រព្យ និងរ៉ែ។ ដូចនេះមានរថយន្តតូចធំ​បានឆ្លងកាត់ស្រុកនេះ រួមទាំងឆ្លងកាត់ស្ពានដែកចំណាស់នេះផងដែរ ក្នុងនោះរថយន្តដឹកថ្ម ដឹកខ្សាច់ចេញពីការដ្ឋានក្រុមហ៊ុនក៏ត្រូវឆ្លងស្ពានដែកនេះដែរ ដែលបង្កជាការព្រួយបារម្ភ​ចំពោះហានិភ័យដែលនឹងកើតមានឡើងជាយថាហេតុ។ ដោយស្ថានភាពវ័យចំណាស់របស់ស្ពាន រួមទាំងដឹកធ្ងន់ឆ្លងកាត់ផងនោះ បានធ្វើឱ្យផ្នែកខាងលើបានរងការខូចខាតបង្កសម្លេងរំខានពេលមានរថយន្តឆ្លងកាត់ ពិសេសភាពញ័ររញ្ជួយនៃតួរស្ពានពេលរថយន្តធំដឹកធ្ងន់ឆ្លងកាត់ម្តងៗ។

ដោយមើលឃើញសភាពនេះហើយទើបអភិបាលខេត្ត បានប្រាប់ឱ្យលោក ងួន វាសនា អភិបាលដែលទើបទទួលការងារថ្មី ធ្វើការកោះប្រជុំក្រុមហ៊ុន និងតំណាងក្រុមហ៊ុន​ទាំងអស់ជាបន្ទាន់ គៀងគរគ្នាជួសជុល ឬកសាងថ្មីដើម្បីបញ្ជៀសឱ្យបាននូវ​គ្រោះថ្នាក់ផ្សេងៗ។

ទន្ទឹមនឹងនោះ អភិបាលខេត្តក៏បានស្នើរឱ្យអាជ្ញាធរស្រុក និងក្រុមហ៊ុន បើអាចកែប្រែស្ពាននេះឱ្យទៅជាស្ពានបេតុងតែម្តង ដើម្បីធានាដល់ការប្រើប្រាស់ និងដឹកជញ្ជូនបានយូរអង្វែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close