ទប់លែងជាប់ មេឃុំត្រពាំងភ្លាំង សុំអន្តរាគមន៍ពីថ្នាក់លើឲ្យជួយ រឿងក្រុមប្រជាពលរដ្ឋទៅសង់ខ្ទមលើដីក្រុមហ៊ុន
មេឃុំត្រពាំងភ្លាំង នៃស្រុកឈូក ខេត្តកំពត គឺ លោក ថាវ វណ្ណារ៉េត បានឱ្យដឹងថា ករណីពលរដ្ឋចំនួន ៣៣គ្រួសារ ដែលធ្លាប់តវ៉ាមកជាច្រើនឆ្នាំរហូតយល់ព្រមលក់ដីទៅឱ្យក្រុមហ៊ុន និងទទួលបានប្រាក់ស្ទើរគ្រប់គ្នាទៅហើយនោះ ស្រាប់តែលេចមុខក្រុមពលរដ្ឋថ្មីមួយក្រុមទៀត បានទៅសង់លំនៅឋានពេញដីនោះទៅវិញ។ ការនេះ លោក សូមស្នើដល់ថ្នាក់ដឹកនាំ ឱ្យជួយអន្តរាគមន៍វែកមុខអ្នកនៅពីក្រោយខ្នង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
លោកមេឃុំ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅលើដីទំនាស់នោះ ទើបតែមករស់នៅថ្មីៗ ក្នុងឆ្នាំ២០២០-២០២១ ហើយពេលដែលប្រជាពលរដ្ឋទាំងនោះបានទៅរស់នៅដំបូង អាជ្ញាធរ ឃុំ ភូមិ អភិបាលរងស្រុកឈូក បានចុះទៅហាមឃាត់ដើម្បីកុំឱ្យមានការដាំដុះដំណាំ ឬសាងសង់លំនៅឋាន ព្រោះដីនេះជាដីរបស់ក្រុមហ៊ុម។ ទោះយ៉ាងនេះក៏ដោយ បច្ចុប្បន្ន ប្រជាពលរដ្ឋចំណូលថ្មីទាំង ៣៣គ្រួសារនោះ បានសាងសង់លំនៅឋាន ឬខ្ទមជាច្រើនលើដីនោះនៅពេលយប់ ទោះអាជ្ញាធរចុះទៅហាមជាច្រើនលើកច្រើនសារក៏មិនព្រមស្តាប់។
ចំពោះករណីនេះ លោកមេឃុំបានធ្វើការសន្និដ្ឋានថា ពលរដ្ឋចំណូលថ្មីចេះតែលេចមុខ ហើយហ៊ានសាងសង់ផ្ទះ ឬខ្ទមជាច្រើនបានយ៉ាងរហ័សបែបនេះ ប្រាកដជាមានអ្នកនៅពីខាងក្រោយខ្នងរង់ចាំជួយឧបត្ថម ឬញុះញង់ដើម្បីផលប្រយោជន៍ និងបានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ឱ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាទាំងនេះ ពិសេសវែកមុខរកអ្នកនៅពីក្រោយខ្នងដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។
បើតាមតំណាងក្រុមហ៊ុនវិញថា នៅចុងឆ្នាំ២០១៦ ក្រុមហ៊ុនបានធ្វើការឈូសឆាយដីបាន ៦០ភាគរយ នៅលើដីចំនួន ១៦៤ហិកតា រហូតមកដល់ឆ្នាំ២០២០ ក្រុមហ៊ុនបានចុះមកធ្វើម្តងទៀត មិនទាន់ឃើញមានប្រជាពលរដ្ឋណាមករស់នៅនោះទេ ទើបតែដើមឆ្នាំ២០២១ ក៏ឃើញមានអ្នកទៅលួចធ្វើផ្ទះនៅពេលយប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។