រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើសុំឲ្យចិន ជួយជំរុញការនាំចេញកសិកផលកម្ពុជា ទៅកាន់ប្រទេសចិន ឲ្យកាន់តែច្រើន
ភ្នំពេញ៖ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានប្តូរវេនរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បានធ្វើជា សហប្រធានជាមួយ ឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS)។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំពីលទ្ធផលនៃជំនួបពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរជាពិសេសការធ្វពាណិជ្ជកម្មក្នុងវិស័យអោយកាន់តែជឿនលឿនមួយកម្រឹតថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតប ទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។
អង្គប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអាស៊ាន-ចិន លើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) សម្រាប់ឆ្នាំ២០១៩-២០២០ ដោយពិចារណាពីបញ្ហាប្រឈមដែលបានជួបប្រទះដោយការរាតត្បាតសកលនៃជំងឺ កូវីដ-១៩។ យើងនៅតែប្តេជ្ញាចិត្តបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) រវាង អាស៊ាននិងចិន ដើម្បីសម្រួលដល់លំហូរស្បៀង និងផលិតផលកសិកម្ម ឆ្លងព្រំដែននៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។
អង្គប្រជុំបានអនុម័តផែនការសកម្មភាពអាស៊ាន-ចិន ស្តីពីអនាម័យ និងភូតគាមអនាម័យ (SPS) សម្រាប់ឆ្នាំ២០២២-២០២៣ ដែលរួមមាន សកម្មភាពក្នុងការពារសុវត្ថិភាពស្បៀង រុក្ខជាតិ និងសុខភាពសត្វ និងផ្តោតសំខាន់ទៅលើ i) ការបង្កើតប្រព័ន្ធព័ត៌មានជូនដំណឹង និងប្រព័ន្ធទំនាក់ទំនង ii) ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ភាគីពាក់ព័ន្ធ iii) រៀបចំការបណ្តុះបណ្តាល, សិក្ខាសាលា, សន្និសីទ និងសកម្មភាពស្រដៀងគ្នាសម្រាប់ការកាត់បន្ថយគម្លាតការអភិវឌ្ឍនៅក្នុងអាស៊ាន និងប្រទេសចិន iv) ការសិក្សាស្រាវជ្រាវរួមគ្នា និង v) ការបង្កើតយន្តការសម្រាប់ពិគ្រោះយោបល់។ អង្គប្រជុំបានឯកភាពថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។