សម្តេចតេជោនិយាយពីករណីក្រុមហ៊ុន GFX ក្រោយពីមានការសុំអន្តរាគមន៍ជាច្រើនលើក
ក្រោយពីមានការស្នើសុំអន្តរាគមន៍ជាច្រើនលើក ពាក់ពន្ធនឹងករណីជម្លោះវិនិយោគរវាងប្រជាពលរដ្ឋជាង ៤០០នាក់ និងក្រុមហ៊ុន Gold FX Investment នៅថ្ងៃម្សិលមិញ (១៤ កញ្ញា) នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឆ្លើយ និងផ្តល់អនុសាសន៍សម្រាប់ករណីនេះ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងក្នុងសារឆ្លើយតបនឹង Comment អ្នកប្រើប្រាស់ facebook ឈ្មោះ «លីន លីន» ថា «ដោយសារបងប្អូន បានចូលមកនិយាយប្រាប់ខ្ញុំច្រើនដងហើយ ដែលល្មមដល់ពេលខ្ញុំត្រូវឆ្លើយតប ដោយខ្លីថា សូមបងប្អូនបន្តសម្រុះសម្រួលគ្នា ព្រោះបងប្អូនស្ម័គ្រចិត្តរកស៊ីជាមួយគ្នា។ ក្នុងករណីរកការស្រុះស្រួល មិនបាន សុំដាក់ពាក្យបណ្តឹងទៅកាន់តុលាការ»។
បើតាមអ្នកប្រើហ្វេសប៊ុក ឈ្មោះ «លីន លីន» ថា «មកដល់ពេលនេះ យើងខ្ញុំទាំងអស់ប្រមាណជាង ៤០០នាក់ គឺជាវិនិយោគិន និងជាជនរងគ្រោះ ដែលបានដាក់ប្រាក់វិនិយោគ ក្នុងក្រុមហ៊ុន ហ្គោល អេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLD FX INVESTMENT CO.,LTD) នៅរសាត់ អណ្តែត តែលតោល វេទនាផ្លូវកាយផ្លូវចិត្ត ដោយមិនទាន់បានទទួលដំណោះស្រាយសំណងប្រាក់ដើមសមស្របពីក្រុមហ៊ុនខាងលើនេះ នៅឡើយទេ»។
ហ្វេសប៊ុកដដែល លើកឡើងថា «ក្នុងរយៈពេលជាង ៦ ខែ មកនេះ បន្ទាប់ពីក្រុមហ៊ុន បានធ្វើឱ្យបាត់បង់ថវិការបស់អតិថិជន ក្នុងការវិនិយោគ ក្រុមហ៊ុន ក៏បានដាក់ចេញនូវឱសានវាទ ៣០ថ្ងៃ (នៃថ្ងៃធ្វើការ) ដើម្បីហៅវិនិយោគិនទាំងអស់ ឱ្យមកទទួលយកសំណង ៣០% (សាមសិបភាគរយ) នៃប្រាក់ដើមសរុប ដែលក្រុមហ៊ុន បានកំណត់ជាឯកតោភាគីជូន។ ក្នុងករណីការដោះស្រាយជូនសំណង ៣០% (សាមសិបភាគរយ) នៃប្រាក់ដើមសរុប នេះ គឺក្រុមហ៊ុន មិនបានគោរពតាមការណែនាំរបស់ ន.ម.ក ដែលបានណែនាំឱ្យក្រុមហ៊ុន Gold FX ត្រូវដោះស្រាយទូទាត់ប្រាក់វិនិយោគឱ្យអតិថិជនទាំងអស់វិញ ជាបន្ទាន់ ដូចក្នុងសេចក្តីប្រកាសព័ត៌មាន លេខ ០១៨/២១ ន.ម.ក/ស.ប្រ.ព ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ នោះទេ។
គណនីដដែល លើកឡើងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានចប់ឱសានវាទក្នុងការកំណត់ ៣០ថ្ងៃហើយ។ ប៉ុន្តែក្រុមហ៊ុន នៅតែបន្តហៅវិនិយោគិន ឱ្យមកយកសំណង ៣០% (សាមសិបភាគរយ) នៃប្រាក់ដើមសរុប បន្តទៀត។ ដោយពិនិត្យមើលករណីនេះហើយ យើងខ្ញុំទាំងអស់ ជាជនរងគ្រោះ និងជាប្រជាជនស្លូតត្រង់ ប្រមាណ ៥០០ នាក់ ដែលបានខិតខំសន្សំប្រាក់ ដោយកម្លាំងញើសឈាមយ៉ាងលំបាក ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺដ៏កាចសាហាវកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មី សូមប្រកាសថា យើងទាំងអស់គ្នា មិនព្រមទទួលយកសំណង ៣០% (សាមសិបភាគរយ) នេះជាដាច់ខាត។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសម្ដេច មេត្តាពិនិត្យ ផ្តល់កិច្ចអន្តរាគមន៍ សម្របសម្រួល និងជំរុញការដោះស្រាយជូនយើងខ្ញុំ ជាជនរងគ្រោះទាំងអស់ ឱ្យទទួលបានសំណងប្រាក់ដើមសមស្របត្រឡប់មកវិញ ដោយសេចក្តីអនុគ្រោះបំផុត។ សូមសម្ដេចពុក មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីយើងខ្ញុំទាំងអស់គ្នាផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។