កុមារចិនមានអាយុចាប់ពី១២-១៧ឆ្នាំបានចាក់វ៉ាក់សាំងកូវីដ ១៩រួចរាល់ជាង ៩១%
ចិនជាប្រទេសដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនជាងគេ ទាំងមនុស្សធំនិងក្មេងជំទង់។ មកទល់ពេល នេះ ចិនបានជំរុញការចាក់វ៉ាក់សាំង ដល់កុមារមានអាយុចាប់ពី ១២ឆ្នាំឡើងដោយបារម្ភខ្លាចមានករណីឆ្លងកូវីដ ១៩ នៅក្នុងសាលារៀន។
ក្រសួងអបរំចិន MOE បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៥ខែកញ្ញា មានសិស្សដល់ទៅ ៩១% មានអាយុចាប់ពី ១២-១៧ឆ្នាំបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស។ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បណ្តាសាលារៀននានាត្រូវបង្កើនសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ឲ្យបានល្អបំផុត ពិសេសក្នុងពេលឈប់សម្រាក់បុណ្យសែនព្រះខែ។
តាមការប្រកាសរបស់គណៈកម្មការសុខាភិបាលចិន បានបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែកញ្ញា មានករណីឆ្លងរាលដាលកូវីដ ១៩ នៅក្នុងសាលាបឋមសិក្សា នៅទីក្រុង Putian ខេត្ត Fujianភាគខាងកើតនៃប្រទេសចិន ។ ការរកឃើញនៅក្នុងសាលារៀនក្រោយមានករណីផ្ទះនៅក្នុងទីក្រុងនេះបាន១០ថ្ងៃ។ ពលរដ្ឋនៅក្នុងទីក្រុង Putian ប្រមាណជាង ៤,៥លាននាក់ត្រូវធ្វើតេស្តទាំងអស់ ។
តាមការលើកឡើងរបស់មន្ត្រីសុខាភិបាលទីក្រុង Putian ពាក់ព័ន្ធនឹងសាលារៀន មកទល់ពេលនេះមានកុមារ២០នាក់ហើយក្រោមអាយុ ១២ឆ្នាំ បានឆ្លងកូវីដ១៩។ នៅថ្ងៃទី១៥ខែកញ្ញា ចិនបានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៥០នាក់ថ្មី គឺស្ថិតនៅក្នុងខេត្ត Putian ទាំងអស់ ។ នេះជាថ្ងៃទីពីរហើយដែលទីក្រុងនេះមានករណីឆ្លងកូវីដ១៩ កើនឡើងដល់៥០នាក់ ។ ក្នុងរយៈពេល ៥ថ្ងៃកន្លងមក ខេត្ត Fujian មានករណីឆ្លងកូវីដ ១៩សរុប១៥២នាក់ហើយ។
សរុបនៅទូទាំងប្រទេសចិនគិតត្រឹមថ្ងៃទី ១៥ខែកញ្ញា មានករណីឆ្លងកូវីដ ១៩ សរុប ៩៥.៤១៣នាក់ និងស្លាប់៤៦៣៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។