រដ្ឋបាលរាជធានីភ្នំពេញ រៀបចំ ៤២ទីតាំង សម្រាប់ការចាក់វ៉ាក់សាំងជូនកុមារ អាយុពី៦ ដល់១២ឆ្នាំ
រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងនៅថ្ងៃនេះថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ខ្លួនបានរៀបចំមណ្ឌលសុខភាព ក៏ដូចជាមន្ទីរពេទ្យ ចំនួន ៤២ទីតាំង ស្ថិតក្នុងខណ្ឌទាំង១៤ សម្រាប់យុទ្ធនាការនេះ។
តាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំនេះ សម្រាប់ដូសទី១ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល។
ជាមួយគ្នានេះ សម្រាប់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមមាតាបិតា អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារទាំងអស់ ភ្ជាប់មកជាមួយនូវឯកសារ ដូចជា៖
– សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់ ឬសៀវភៅគ្រួសារ
– លិខិតព្រមព្រៀងអនុញ្ញាតឲ្យចាក់វ៉ាក់សាំង
– ចំពោះកុមារកំព្រាដែលមានរស់នៅមណ្ឌលនានា ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតជាលាយលក្ខណ៍អក្សរពីសំណាក់អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ
– ចំពោះកុមារដែលជាជនអនាថា អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច ចេញលិខិតបញ្ជាក់ និងនាំយកពួកគេមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។