ពិភាក្សាពាណិជ្ជកម្ម អាមេរិក-ចិន ៖ បើតម្រង់កាំភ្លើងចំក្បាលចឹង អ្នកណាពិភាក្សាបាន?

អន្តរជាតិ ៖ សារព័ត៌មាន​ Wall Street Journal ​បានផ្សាយថា រដ្ឋាភិបាលចិន អាចនឹង​មិនចូលរួមកិច្ចពិភាក្សា ពាណិជ្ជកម្មជាមួយអាមេរិក ប្រសិនបើរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល ត្រាំ បន្ត អនុម័ត​​​តម្លើង​​​​​​ពន្ធលើទំនិញនាំចូលពីចិន​នៅក្នុងសប្តាហ៍នេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា« ចិននិងមិនពិភាក្សា​ នៅពេលដែលកាំភ្លើងកំពុងតម្រង់លើក្បាលរបស់ខ្លួននោះ​»។ ជាមួយគ្នានោះអាមេរិក បានស្នើរពិភាក្សា ជាមួយចិន ប៉ុន្តែអាមេរិក​ក៏បាន ប្រកាសតម្លើងពន្ធ បន្ថែមលើទំនិញ​​​ចិនមានតម្លៃ ជាង ២០០ពាន់លានដុល្លារ អាមេរិក។

សារព័ត៌មាន​ Business Insider ​បានផ្សាយថា «រដ្ឋាភិបាលចិន នឹងមិនចូលរួមកិច្ចពិភាក្សាពាណិជ្ជកម្ម ជា​​​មួយ​​​អាមេរិកឡើយ នៅពេលដែលរដ្ឋាភិបាលលោកត្រាំ​ នៅតែបន្តអនុម័ត តម្លើងពន្ធ លើទំនិញចិន»។

ប្រភពព័ត៌មានបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ចិន​បានស្នើរដល់មេដឹកនាំរបស់ខ្លួន​ កាត់បន្ថយទំនិញអាមេរិក​ ក៏ដូចជា​កាត់បន្ថយការនាំចេញទៅកាន់អាមេរិក ដើម្បីជាការគំរាមដល់​កង្វះប្រភពផ្គត់ផ្គង់នូវទំនិញចាំបាច់មួយចំនួន។

កន្លងមក រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក​ Steven Mnuchin ​បានស្នើរ បើកកិច្ចពិភាក្សា​ពាណិជ្ជកម្ម ជាមួយ​​​ចិន​នៅថ្ងៃទី ២០ខែកញ្ញា ហើយចិនក៏បាន យល់ព្រមចូលរួមផងដែរ។

ប្រធានាធិបតីអាមេរិកលោក ដូណាល ត្រាំ បានប្រកាសពីគម្រោងតម្លើងពន្ធ មានទឹកប្រាក់ប្រមាណ​២០០ពាន់លានដុល្លារ​ ដែលនឹងអនុម័តនៅថ្ងៃទី​១៧ ខែកញ្ញានេះ ។ សារព័ត៌មាន​ Wall Treet Journal ​បានផ្សាយថា អាមេរិកបានតម្លើងពន្ធ ១០ភាគរយ គឺទាបជាង ២៥ភាគរយ ដែលរដ្ឋាភិបាលអាមេរិក បានតម្លើងនាពេលកន្លងមក។

អាមេរិកបានតម្លើងពន្ធ ៥០ពាន់លានដុល្លារ​លើទំនិញចិន ក្រោយស្រាវជ្រាវលើទំនិញនាំចូល។ ជា​​​មួយ​​​គ្នានេះ អាមេរិកបានឡើងគម្រោងតម្លើងពន្ធ ២០០ពាន់លានដុល្លារ និង២៦៧ពាន់​​​លាន​​​ដុល្លារ បន្ថែមទៀត សរុបគម្រោងរបស់អាមេរិក តម្លើងពន្ធលើទំនិញចិនមានរហូតដល់ជាង ៥០០ពាន់លាន​​​ដុល្លារអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close