អាមេរិក អំពាវនាវឲ្យ Facebook ស៊ើបការអ្នកប្រើប្រាស់វ័យជំទង់ នៅលើ Instagram
អាមេរិក៖ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ប្រកាសថា ពួកគេនឹងបើកការស៊ើបអង្កេតលើក្រុមហ៊ុន Facebook បន្ទាប់ពីរបាយការណ៍មួយដែលប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សនេះដឹងថា វេទិការបស់ខ្លួនអាចបំពុលដល់អ្នកប្រើប្រាស់វ័យជំទង់មួយចំនួន។
ជុំវិញនេះដែរ ក្រុមហ៊ុន Facebook ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមបើកការស៊ើបអង្កេតផ្ទៃក្នុងទៅលើបណ្ដាញសង្គម Instagram ពាក់ព័ន្ធនឹងអ្នកប្រើប្រាស់វ័យជំទង់ ក្រោយមានការរិះគន់យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់វ័យជំទង់។
ថ្មីៗនេះអ្នកប្រើប្រាស់វ័យជំទង់បានបង្ហាញអារម្មណ៍ពិតរបស់ពួកគេថា Instagram បច្ចុប្បន្នហាក់មិនមានសុវត្ថិភាពសម្រាប់ពួកគេ ហើយពួកគេមានអារម្មណ៍ធុញថប់នឹងការប្រើប្រាស់។
អ្វីដែលពួកគេបានសង្កេតឃើញរាល់ថ្ងៃនៅលើបណ្ដាញ Instagram គឺរូបភាពនៃការធ្វើអត្តឃាត រូបភាពនៃការរើសអើង រូបភាពនៃការមើលងាយ សើចចំអក រូបភាពនៃការរំលោភបំពានផ្លូវភេទ និងរូបភាពអាក្រក់ៗផ្សេងៗជាច្រើនទៀត។
ពាក់ព័ន្ធនឹងរូបភាពអស់ទាំងនោះ បានធ្វើឱ្យអ្នកប្រើប្រាស់វ័យជំទង់មានអារម្មណ៍ធុញថប់ និងមិនចង់ប្រើប្រាស់បណ្ដាញសង្គមមួយនេះ ទៀតទេ ហេតុនេះហើយទើបធ្វើឱ្យ Facebook សម្រេចចិត្តធ្វើការសង្កេតផ្ទៃក្នុងឡើងវិញម្ដងទៀតទៅលើករណីខាងលើនេះ។
ដើម្បីដោះស្រាយបញ្ហានេះ Facebook ធ្លាប់មានបំណងចង់បង្កើត Instagram Youth សម្រាប់ក្មេងវ័យជំទង់ ប៉ុន្តែត្រូវបានរដ្ឋាភិបាលអាមេរិកស្នើសុំឱ្យបញ្ឈប់គម្រោងមួយនេះ និងបានជំរុញឱ្យពង្រីងទៅលើផ្ទៃក្នុងវិញដើម្បីទប់ស្កាត់ សកម្មភាពផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។