ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហមក្នុងពេលឆាប់ៗនេះ ព្រោះតែពលរដ្ឋមួយចំនួនមិនសហការ
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រកាសនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសារ ដោយបន្តនាំឲ្យឆ្លងជំងឺកូវីដ១៩ដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏សូមការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។
បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែកញ្ញា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបចំនួន ៦៩៣នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសមានចំនួន ១១២នាក់ ដែលចំនួនករណីឆ្លងថ្មីនេះ បានបង្ហាញថា មានការងើបឡើងវិញ នៃករណីឆ្លង ក្រោយពីបានថមថយអស់មួយរយៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។