ប្រធានាធិបតី​ហ្វីលីពីន​មិន​សហការ​ជាមួយ ICC មិន​ឲ្យ​ក្រុម​ស្រាវជ្រាវ​ចូលក្នុង​ប្រទេស​លោក​ឡើយ​

​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) នៅ​ថ្ងៃទី ១៥​ខែកញ្ញា បាន​អនុញ្ញាតិ​ឲ្យ​បើក​ការស៊ើបអង្កេត​ជា​ទ្រង់ទ្រាយ​ធំ ទៅលើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ។​

​តាម​សារព័ត៌មាន Guardian បាន​ផ្សាយ​ថា ចៅក្រម ICC បាន​បញ្ជាក់ថា សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី Duterte មិនអាច​ចាត់ទុកថា​ជា​សកម្មភាព​អនុវត្ត​ច្បាប់​ដោយ​ស្រប់ច្បាប់​នោះឡើយ គឺជា​«​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ សំដៅ​ទៅលើ​ពលរដ្ឋ​ស្លូតត្រង់​។​

​កាលពី​ខែមិថុនា កន្លងមក អតីត​អគ្គ​រដ្ឋអាជ្ញា របស់​តុលាការ ICC លោកស្រី Fatou Bensouda បានស្នើ​ដល់​ចៅក្រម​អនុញ្ញាត​បើក​ការ​ស្រាវ​ជ​ញ​រាវ​ជា​ទ្រង់ទ្រាយ​ធំ និង​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ការចោទប្រកាន់​សម្លាប់​ព​ល​រដ្ឋ​ស្លូតត្រង់​ដោយ​ខុសច្បាប់​ក្នុងប្រទេស​ហ្វីលីពីន​។​ ​បច្ចុប្បន្ន ការស្រាវជ្រាវ នឹងត្រូវ​ធ្វើឡើង​ដោយ អគ្គ​រដ្ឋអាជ្ញា Karim Khan អ្នក​ដែល​ជំនួស​តំណែង​លោកស្រី Bensouda ។​

​នៅក្នុង​សេចក្តីប្រកាស​នា​ថ្ងៃទី​១៦​ខែកញ្ញា លោក Salvador Panelo ទីប្រឹក្សា​ច្បាប់​របស់​ប្រធានាធិបតី ហ្វីលីពីន បាន​ឲ្យ​ដឹងថា តុលាការ ICC មិនមាន​សិទ្ធិ​នៅក្នុង​ការកាត់ទោស ពាក់ព័ន្ធ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ក្នុងប្រទេស​ហ្វីលីពីន ដូច្នេះ​ទីក្រុង​ម៉ានីល មិន​សហ​ការណ៍​ស្រាវជ្រាវ​នោះឡើយ​។​

​លោក Salvador Panelo បានប្រកាសថា អ្នកស្រាវជ្រាវ របស់ ICC ក៏​មិន​អនុញ្ញាត​ឲ្យ​ចូលក្នុង​ប្រទេស​ហ្វីលីពីន​នោះដែរ​។ លោក​បន្តទៀតថា​«​គោលដៅ របស់​ប្រធានាធិបតី​គឺ​មិន​ផ្លាស់ប្តូរ​ឡើយ ហើយ ICC បាន​ខុសឆ្គង​ពេល​សម្រេច​បើក​ការស្រាវជ្រាវ​មកលើ​ទឹកដី​ហ្វីលីពីន​។​

​តាម​តួលេខ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ដែល​បានប្រកាស​កាល​ថា ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ចាប់ពី​ខែកក្កដា​ឆ្នាំ​២០១៦​មក​បានសម្លាប់​មនុស្ស ៦១៨១ នាក់ និង​ជាង ២​សែន​នាក់​ជាប់​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​។ ប៉ុន្តែ​តួលេខ​របស់ ICC គឺមាន​អ្នកស្លាប់​ចាប់ពី​១២.០០០​ដល់ ៣០.០០០​នាក់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close