គម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី សម្រេចបាន ២៥ភាគរយហើយ
បើតាម លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ដំណើរការនៃការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី មកទល់ពេលនេះ បានសម្រេចប្រមាណ ២៥ភាគរយហើយ ដោយមិនមានបញ្ហាចោទណាមួយគួរឱ្យព្រួយបារម្ភនោះឡើយ ទោះបីកម្ពុជាកំពុងទទួលរងការរំខាន ដោយជំងឺកូវីដ-១៩ក្ដី ក៏ដូចជាបញ្ហាទឹកជំនន់ ដែលកើតឡើងក្នុងខេត្តកណ្ដាលក៏ដោយ។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះថា ការសាងសង់នឹងបញ្ចប់រួចរាល់ក្នុងឆ្នាំ២០២៣ខាងមុខតាមការគ្រោងទុក ដោយសារតែក្រុមអ្នកជំនាញបានខិតខំសាងសង់ទាំងយប់ទាំងថ្ងៃ ដោយបានបន្ថែមគ្រឿងចក្រ និងកម្មករ ធ្វើយ៉ាងណាឲ្យរួចរាល់តាមកិច្ចសន្យាដំណាក់កាលទី១។
សូមបញ្ជាក់ថា ព្រលានយន្តភ្នំពេញថ្មីនេះ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ត្រូវបានសាងសង់លើផ្ទៃដីសរុប២៦០០ហិកតា ដោយគម្រោងសាងសង់មាន៣ដំណាក់កាល។ ដោយការងារសាងសង់សម្រាប់ដំណាក់កាលទី១ អាចនឹងទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។