សំណង់ខុសច្បាប់របស់ថៅកែទិញលក់បង្គា ក្តាម ត្រីសមុទ្រតំបន់ផ្លូវចូលកោះព្រាបត្រូវបានអាជ្ញាធរខេត្តកំណត់ឲ្យធ្វើការរុះរើឲ្យអស់រយៈពេល១៥ថ្ងៃ
ព្រះសីហនុ ៖ សំណង់ខុសច្បាប់ដ៏រឹងមាំ សាងសង់រំលោភលើដីឆ្នេរសមុទ្រ របស់លោក តាំង សុខុម ថៅកែទិញលក់បង្គា ក្តាម ត្រីសមុទ្រតំបន់ ផ្លូវចូលកោះព្រាប ស្ថិតក្នុងភូមិ៣ សង្កាត់ លេខ១ ក្រុង.ខេត្តព្រះសីហនុ(ជាប់ផ្ទះពូចក់លក់បាយ)ត្រូវបានមន្ត្រីរដ្ឋបាល ក្រុង សហការជាមួយមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ កំណត់ឲ្យធ្វើការរុះរើចេញវិញឲ្យអស់ ក្នុងរយៈពេល១៥ថ្ងៃ ជាកំណត់ ដោយគ្មានការតវ៉ា ក្នុងករណីម្ចាស់សំណង់មិនអនុវត្តន៏តាម រដ្ឋបាលខេត្ត នឹងមាន វិធានការតាមផ្លូវច្បាប់។
លោក លីចិត្ត យម មន្ត្រី អន្តរៈវិស័យ សាលាខេត្តព្រះសីហនុ ដែលដឹកនាំក្រុមការងារចុះធ្វើការហាមឃាត់សំណង់ខុសច្បាប់ខាងលើ បាននិយាយប្រាប់ឲ្យដឹងថា សំណង់នេះមិនមានច្បាប់អនុញ្ញាតិទេ ហើយបើសិនជាសុំច្បាប់ក៏គ្មាន ច្បាប់ឯណាអនុញ្ញាតិនោះដែរ ពីព្រោះ ទីតាំងដែលសាងសង់នោះវាដីឆ្នេរសមុទ្រ ដូចនេះជាវិធានការ ជំហានដំបូង ក្រុមការងាររបស់លោក នឹងធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ជាបន្ទាន់ ហើយតម្រូវឲ្យ ម្ចាស់សំណង់ធ្វើការរុះរើសំណង់របស់ខ្លូន (រូមមាន សំណង់ផែថ្ម នឹងសំណង់ដែលគ្រោងនឹងចាក់បេតុង) ចេញវិញឲ្យអស់ ជាកំណត់រយៈពេល១៥ថ្ងៃ គឺចាប់គិតពីថ្ងៃចុះកិច្ចសន្យានេះ។ ក្នុងករណីម្ចាស់សំណង់មិនអនុវត្តន៏តាម រដ្ឋបាល ខេត្តនឹងមានវិធានការតាមផ្លូវច្បាប់ មិនអាចរួចខ្លូនបានឡើយ។
គួរបញ្ជាក់ផងដែរថា តំបន់ទំនប់រលក ក៏ដូចជាតំបន់ រំដួលជើងភ្នំ ប្រជាពលរដ្ឋភាគច្រើន មានទម្លាប់នៅជាប់នឹងឆ្នេរសមុទ្រ ហើយកន្លងមកបទល្មើសសាងសង់សំណង់រំលោភបំពានលើដីឆ្នេរសមុទ្របែបនេះមានច្រើនណាស់ ប៉ុន្តែអ្វីដែលគួឲ្យកត់សម្គាល់នោះគឺការអនុវត្តន៏ច្បាប់របស់មន្ត្រីរដ្ឋបាល ក្រុងរដ្ឋបាលខេត្តព្រះសីហនុ ហាក់មិនមានប្រសិទ្ធិភាពអ្វីនោះ ទេ ដោយគេមិនដែលឃើញ សំណង់ល្មើសច្បាប់ណាមួយត្រូវបានគេវាយកម្ទេចចោល តាមកិច្ចសន្យានោះឡើយ តែផ្ទុយទៅវិញ សំណង់ល្មើសច្បាប់ដែលជាប់កិច្ចសន្យាទាំងនោះ មិនយូរប៉ុន្មាន ក៏ចាប់ផ្តើមធ្វើការសាងសង់ ជាធម្មតាវិញឡើងវិញ បានយ៉ាងរលូនដោយបញ្ហានេះគេមិនដឹងថា មកពីមួលហេតុនោះទេ។
ជាមួយនឹងការលើកឡើងនេះ ប្រជាពលរដ្ឋខេត្តព្រះសីហនុស្នើសុំមន្ត្រីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មេត្តាធ្វើការពិនិត្យឡើងវិញផង នូវភាពមិនប្រក្រតីខាងលើនេះ ដើម្បីពង្រឹងការអនុវត្តន៏ច្បាប់ ឲ្យមានប្រសិទ្ធិភាព ជៀសវាង មានការ រិះគន់ថា មន្ត្រីអនុវត្តច្បាប់ធ្វើឲ្យតែរូចពីដៃ ប្រព្រត្តិអំពើពុករលួយ បាត់បង់ភាពថ្លៃថ្នូរ ប្រជាពលរដ្ឋអស់ជំនឿ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។