កម្ពុជា ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​២២-២៦ ខែកញ្ញា​, ក្រសួង សូម​ប្រុងប្រយ័ត្ន​!

ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២-២៦ ខែកញ្ញា ឆ្នាំ​២០២១​។​

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា នៅ​ថ្ងៃទី​២២-២៦ ខែកញ្ញា ឆ្នាំ​២០២១ កម្ពុជា​ទទួលរង​នូវ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ​កាត់​លើ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន ជាមួយនឹង​ខ្យល់មូសុង​និរតី​បក់ នៅក្នុង​ល្បឿន​មធ្យម​ទៅ​បង្គួរ​។ បន្ត​មក​សម្ពាធ​ទាប ដែល​ស្ថិតនៅក្នុង​ប្រព័ន្ធ (ITCZ) ស្ថិត​ខាងកើត​ហ្វីលីពីន អាច​វិ​វត្ត​ខ្លួន​ទៅជា​សម្ពាធ​ទាប​សកម្ម ឬ​វិ​សម្ពាធ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​។​

​តាម​ការ​ព្យាករ​គន្លង​របស់​សម្ពាធ​ទាប​សកម្ម ឬ​វិ​សម្ពាធ​ទាប​នេះ នៅ​ថ្ងៃទី​២៤-២៥ ខែកញ្ញា នឹង​បក់​ចូល​ប្រទេស​វៀតណាម ស្ថិតនៅ​ចន្លោះ​គី​ញើ​ន (Qui Nhon) និង​ដា​ណា​ង (Da Nang)​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៥°C
* សីតុណ្ហភាព​អតិបរមា មាន​ពី​៣២-៣៤°C
* អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​មួយចំនួន​៖ រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤°C
* សីតុណ្ហភាព​អតិបរមា មាន​ពី​៣១-៣៣°C
* អាច​នឹងមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅ​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក ភាគ​ឦសាន​ជាប់​ប្រទេស​វៀតណាម ព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៥°C
* អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​មួយចំនួន​នៃ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​។ នៅលើ​ផ្ទៃសមុទ្រ​នឹង​អាចមាន​ភ្លៀងខ្យល់ និង​រលក​សមុទ្រ​មធ្យ​ម​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក អំពាវនាវ​ដល់​សា​ធារ​ជន​សូម​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close