បេក្ខភាពប្រធានាធិបតី ប៉ាកគីអាវ ជាក្តីសង្ឃឹមរបស់ពលរដ្ឋហ្វីលីពីន ក្នុងការដឹកនាំប្រទេស
ស្តេចប្រដាល់ពីភពលោកម៉ានីប៉ាកគីអាវ គឺជាបុគ្គលដែលទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីពលរដ្ឋហ្វីលីពីន ដោយមានចិត្តមនុស្សធម៌ ជួយដល់ពលរដ្ឋក្រីក្រហ្វីលីពីនជាច្រើន។ ទាំងនោះហើយបានជាក្រុមអ្នកវិភាគបានលើកឡើងថា ប៉ាកគីអាវ នឹងយកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីនាឆ្នាំ២០២២។
ស្តេចប្រដាល់សកលជនជាតិហ្វីលីពីន និងជាតំណាងរាស្ត្រ ម៉ានី ប៉ាក់គីអាវ បានសម្រេចទទួលនៅការតែងតាំងពីគណបក្ស PDP -Laban កាន់អំណាច ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ២០២២។
សកម្មភាពខាងលើ កើតឡើងក្រោយប៉ុន្មានថ្ងៃ ក្រោយគណបក្សប្រឆាំងបានសម្រេចជ្រើសរើស លោក Christopher “Bong” Go ដែលជាជំនួយការយូឆ្នាំ របស់ប្រធានាធិបតី Duterte ធ្វើជា បេក្ខភាពសម្រាប់ប្រកួតប្រជែងតំណែងប្រធានាធិបតី ចំណែកលោក Duterte និងធ្វើជាបេក្ខភាពអនុប្រធានាធិបតី ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកម៉ានី ប៉ាកគីអាវ បានបញ្ជាក់ថា ស្មារតីជាកីឡាប្រដាល់បានត្រៀមលក្ខណៈជានិច្ច។ លោក ប៉ាកគីអាវ ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស PDP-Laban ក្រោយប៉ុន្មានសប្តាហ៍រងការរិះគន់ពីប្រធានាធិបតីDuterte ស្តីពីទស្សននយោបាយរបស់លោកជាមួយប្រទេសចិន និងកម្មវិធីប្រយុទ្ធប្រឆាំងអំពើពុករលួយ ។
តំណាងរាស្ត្រដ៏មានប្រជាប្រិយភាពម៉ានីប៉ាកគីអាវ ធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធនិងគាំទ្រ សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី Duterte ។ ប៉ុន្តែការដែលលោកប៉ាកគីអាវចោទប្រកាន់រដ្ឋាភិបាល របស់ប្រធានាធិបតីDuterte ពុករលួយនិងមានគោលនយោបាយស្និទ្ធជាមួយចិន បង្កឲ្យមានវិវាទយ៉ាងខ្លាំង រវាង លោកប៉ាកគីអាវ និងប្រធានាធិបតីDuterte ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។