សប្តាហ៍​ទី​៣ នៃ​ខែ​នេះ​! កម្ពុជា មាន​ភ្ញៀវទេសចរ​ដើរលេង​ជិត ៨​ម៉ឺន​នាក់ ចេញ​ដើរ​កម្សាន្ត​

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានបង្ហាញ​ពី​ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នា​សប្តាហ៍​ទី​៣​នៃ​ខែកញ្ញា (​ថ្ងៃទី​១៨-១៩) គឺ​ទទួលបាន​ភ្ញៀវ​សរុប ៧៩,០១៥ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៧៧,៨០៤ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១,២១១ នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* រាជធានី​ភ្នំពេញ​៖ ២៣,១៩៣ នាក់​
* ខេត្តកំពត​៖ ២២,៤៣៨ នាក់​
* ខេត្ត​កែប​៖ ៨,១៤៤ នាក់​
* ខេត្ត​ព្រះសីហនុ​៖ ៥,០៦៧ នាក់​
* ខេត្តពោធិ៍សាត់​៖ ៤,៥៧៣ នាក់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា តួលេខ​នេះ​បន្ត​កើនឡើង​ប្រមាណ ២០% ធៀប​នឹង​សប្តាហ៍​កន្លងមក ដែលជា​សញ្ញា​កាន់តែ​វិជ្ជមាន​នៃ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​។ ប៉ុន្តែ​ទន្ទឹមនឹងនេះ គោល​ដោ​ទេសចរណ៍​នៅតាម​ខេត្ត​មួយចំនួន នៅ​បន្ត​ផ្អាក​សកម្មភាព​តាមរយៈ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ដាច់ដោយឡែក​ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូចជា​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​ជាដើម​។​

​ឯកឧត្ដម​បាន​បន្តទៀត​ថា តំបន់ឆ្នេរ​សមុទ្រ​នៃ​ខេត្តកំពត កែប និង​ព្រះសីហនុ រួមជាមួយ​តំបន់​អេកូ​ទេសចរណ៍ ដូចជា​តំបន់ភ្នំ​ខ្នង​ផ្សារ​ក្នុង​ខេត្តកំពង់ស្ពឺ និង​តំបន់ភ្នំ​១៥០០ និង​ផ្លូវ​បុប្ផា​លាក់ខ្លួន​ក្នុងស្រុក​វាលវែង​ក្នុង​ខេត្តពោធិសាត់​ជាដើម គឺជា​គោលដៅ​ពេញនិយម និង​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​ក្នុង​សប្តាហ៍​កន្លងមក​។​

​បើតាម​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន មន្ទីរ​ទេសចរណ៍​បាន​កំពុង​ខិតខំ​ជំរុញ​ការអនុវត្ត​យ៉ាងសកម្ម​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​អប្បបរមា (SOP) ដែល​ក្រសួងទេសចរណ៍​បានដាក់​ឲ្យ​អនុវត្ត​កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១​កន្លងមក ដើម្បី​ធានា​ការបើក​ដំណើរការ​មូលដ្ឋាន​អាជីវកម្ម​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី ពិសេស​ជម្រុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​នាឱកាស​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​ត្រៀមលក្ខណៈ​ទទួលភ្ញៀវ​ទេសច​រ​អន្តរជាតិ​នាពេលខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close