ពលរដ្ឋអេស្ប៉ាញជិត១ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព ដោយការផ្ទុះភ្នំភ្លើង
ភ្នំភ្លើងCumbre Viejo នៅក្នុងប្រទេសអេស្ប៉ាញ បានផ្ទុះព្រួសកម្អែលយ៉ាងខ្លាំង បង្កក្តីព្រួយបារម្ភដល់ពលរដ្ឋ។ នៅពេលនេះមន្ត្រីក្នុងតំបន់ បានជម្លៀសពលរដ្ឋប្រមាណ ១០,០០០នាក់ ចេញពីតំបន់ភ្នំភ្លើង (Cumbre Viejo) ស្ថិតនៅលើកោះ ឡា ប៉ាល់ម៉ា (La Palma) របស់ប្រទេសអេស្ប៉ាញ បន្ទាប់ភ្នំភ្លើងនៅលើនេះបានចាប់ផ្តើមផ្ទុះ និងបញ្ចេញកម្អែលយ៉ាងក្តៅគគុក កាលពីថ្ងៃ១៩ខែកញ្ញា។
អាជ្ញាធរអេស្ប៉ាញបានឲ្យដឹងថា ការបង្គាប់ឲ្យមនុស្សម្នាជម្លៀសខ្លួនចេញ ត្រូវបានធ្វើឡើងបន្ទាប់ពីភ្នំភ្លើង Cumbre Viejo ផ្ទុះឡើងកាលពីវេលាម៉ោង ៣៖១២នាទីរសៀលថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា (ម៉ោងនៅទីក្រុងម៉ាឌ្រីត)។ ការផ្ទុះលើកនេះ បានកើតឡើងបន្ទាប់ពីអាជ្ញាធរតាមដានសកម្មភាពភ្នំភ្លើង បានរាយការណ៍ថា កោះ La Palma ដែលជាកោះក្មេងជាងគេក្នុងតំបន់ប្រជុំកោះ កាណារី (Canary islands) បានរងការញ័ររញ្ជួយដីរហូតដល់ទៅជាង ២០,០០០ដង នៅក្នុងរយៈពេល ១សប្តាហ៍មកនេះ។
គួរបញ្ជាក់ថា មានការញ័ររញ្ជួយដីនៅលើកោះ La Palma នៅក្នុងកម្រិត ៤.០ នៃរង្វាស់រ៉ិចទ័រ នៅពេលភ្នំភ្លើង Cumbre Viejo ផ្ទុះឡើង ខណៈកម្រិត ៥.០ រ៉ិចទ័រ គឺត្រូវបានចាត់ទុកជាកម្រិតខ្ពស់បំផុត។ យ៉ាងណាក៏ដោយ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយថា អាចមានមនុស្សរងគ្រោះ និងខូចខាតទ្រព្យសម្បត្តិ ក្នុងកម្រិតណានោះឡើយ។
រូបភាព និងវីដេអូនានា ដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គម និងសារព័ត៌មាន បានបង្ហាញឲ្យគ្រប់គ្នាឃើញ កម្អែលភ្លើងហូរចុះពីមាត់ភ្នំភ្លើង Cumbre Viejo កាលពីវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងម៉ាឌ្រីត)។ ប្រជុំកោះ Canary ដែលមានកោះ La Palma នៅក្នុងនោះ គឺជាដែនដីកម្មសិទ្ធិរបស់ប្រទេសអេស្ប៉ាញ ស្ថិតនៅក្នុងដែនសមុទ្រអាត្លង់ទិច នៃភាគពាយ័ព្យទ្វីបអាហ្វ្រិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។