ឯកឧត្តម ស៊ុន ចាន់ថុល សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ចំណត​ផែ​កុងតឺន័រ LM១៧

​ខេត្តកណ្តាល​៖ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​៣ ដំណាក់កាល​ទី​១ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ឋិត​នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម ហ៊ឺ បា​វី ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ សមាជិក​សមាជិកា​ក្រុម ប្រឹក្សា​ភិ​បាល មន្ត្រី​ត្រួតពិនិត្យ​រដ្ឋ​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត កណ្ដាល មន្ត្រីរាជការ និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។

​យោងតាម​របាយការណ៍​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នៅ​ឆ្នាំ​២០១១​កំពង់ផែ​បានសម្រេច​ធ្វើការ​វិនិយោគ​លើ​ការពង្រីក​ចំណត​ផែ​កុងតឺន័រ LM១៧ ឋិត​នៅលើ​ផ្ទៃដី​ទំហំ​១០ ហិកតា មាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ បាន ១៥០ 000 TEUs ក្នុង​មួយឆ្នាំ ដោយ​ប្រើប្រាស់​ទុនវិនិយោគ ដែល​បានមកពី​កម្ចី​ឥណទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ទឹកប្រាក់​ប្រមាណ​២៨ ៩០០ ០០០ ដុល្លារ​អាមេរិក ដោយ​ពុំទាន់ រាប់បញ្ចូល​គ្រឿងចក្រ​លើកដាក់​ទំនិញ ដើម្បី​ឆ្លើយតប​នឹង​កំណើន​កុងតឺន័រ​ឆ្លងកាត់​។

​ដោយឡែក​កំណើន​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​គិត​ជា​មធ្យម​ប្រចាំ​ឆ្នាំមាន​ចន្លោះ​ពី​១៥% ទៅ ១៨% ក្នុងនោះ​៖ ឆ្នាំ​២០១៩​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន ២៨១ ០៤៣ TEUs និង​ឆ្នាំ​២០២០ មាន​ចំនួន​២៩០ ៨៥៧ TEUs ទោះបី​ជាមាន​វិបត្តិ​ដែល​កើតឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ ដែល​បរិមាណ​នេះ​បាន​ឈាន​ជិត​ដល់​សមត្ថភាព​ផ្ទុក​កុងតឺន័រ​សរុប​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​១ និង​ទី​២ ដែលនាំឱ្យ​មាន​តម្រូវការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ ដូច្នេះហើយ​ទើប​នៅ​ចុងឆ្នាំ​ឆ្នាំ​២០១៩ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​អនុវត្ត​គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចំណត​ផែ​កុងតឺន័រ​LM១៧ ជំហាន​ទី​៣ ដំណាក់កាល​ទី​១​នេះ​។

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​រំលឹក​ជូន​អង្គពិធី​អំពី​ប្រវត្តិ​នៃ​ដំណើរ​ការកសាង និង​ពង្រីក កំពង់ផែ​ស្វ័យ​យ័​ត LM១៧ តាមរយៈ​ប្រាក់កម្ចី​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលដែល​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បម្រើការ​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៨​។

ជាទី​បញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​ការគាំទ្រ​ដល់​ការបង្កើត​ផែ​រណប​១០០% និង​បាន​ជំ​រុញឱ្យ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​សហការ​ជាមួយ​ផ្នែក​ឯកជន​ក្នុងការ​បង្កើត​ផែ​រណប​ថែមទៀត​ឱ្យបាន​ច្រើន ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ដោយហេតុថា​យើង​មានតែ​កំពង់ផែ​ស្វយ័ត​តែមួយ នៅ​ភ្នំពេញ​មិនអាច​ដឹកទំនិញ​កសិផល​នៅ​ទូទាំងប្រទេស​មក​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​បានទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close