ទោះបីមានបម្រាមពីអាមេរិក ឥណ្ឌានៅតែទិញអាវុធពីរុស្ស៊ី

អន្តរជាតិ ៖ ដើម្បីពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំ ឥណ្ឌាបានសម្រេចទិញនាវាចម្បាំងពីរុស្ស៊ី បន្ទាប់​​​ពី​​​ទិញមីស៊ីល​​​ការ​​​ពារ​​​ដែន​​​អា​​​កាស ។ បច្ចុប្បន្ន ឥណ្ឌាកំពុងរៀបចំចុះកិច្ចព្រមព្រៀង ទ្រង់ទ្រាយធំជាមួយរុស្សីុក្នុងការទិញនាវាចម្បាំង។ ជាមួយគ្នានោះ ឥណ្ឌា​​​ក៏​​​បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង ដូចគ្នាជាមួយអាមេរិកផងដែរ។

សារព័ត៌មាន​សេដ្ឋកិច្ច​ News Delhi ​បានផ្សាយថា ក្រោយពេលបង្កើនទំនាក់ទំនងការពារជាតិ ជាមួយអាមេរិកកាលពីដើមខែនេះ ឥណ្ឌាក៏បានងាកទៅទិញនាវាចម្បាំង​៤គ្រឿងពីរុស្ស៊ី ដើម្បីបំពាក់ដល់កម្លាំងទាហានជើងទឹកឥណ្ឌា។ នៅក្នុងកិច្ចព្រមព្រៀង ឥណ្ឌានឹងទិញនាវាចម្បាំង ផ្ទុកឧទ្ធម្ភាគចក្រ ប្រភេទ ​Talwar ​មានតម្លៃ ២,២ពាន់លានដុល្លារ ។ ការសម្រេចរបស់ឥណ្ឌា កើតឡើងក្រោយមានការព្រមានពីអាមេរិក ថានឹងដាក់ទណ្ឌកម្មដល់ទំនាក់ទំនងរកស៊ីជាមួយ​​​ទីក្រុងមូស្កូ។

កិច្ចព្រមព្រៀងខាងលើ នឹងត្រូវចុះហត្ថលេខា រវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉ាន ត្រាម៉ូឌី និងប្រធានា​​​ធិបតីរុស្ស៊ីលោក ពូទីន នៅទីក្រុង ញ៉ូវដេលីនាថ្ងៃទី ៥ខែតុលាខាងមុខ ។ តាមគម្រោងនៃកិច្ចព្រមព្រៀង នាវាពីរគ្រឿងនឹងត្រូវផលិតនៅក្នុងប្រទេសឥណ្ឌា និងពីរគ្រឿងទៀត ​ផលិតនៅប្រទេសរុស្ស៊ី រួចបញ្ចូនមកឥណ្ឌា។

តាមសារព័ត៌មានឥណ្ឌាបានផ្សាយថា ការទិញអាវុធពីរុស្ស៊ី ត្រូវបានរារាំង ដោយសារការដាក់ទណ្ឌកម្ម ហិរញ្ញវត្ថុ​​​ពីអាមេរិក។ ក្រុមអ្នកឯកទេសបានលើកឡើងថា ទីក្រុងញ៉ូវដេលីនៅតែបន្តចុះកិច្ចព្រមព្រៀងជាមួយទីក្រុងមូស្កូ ដោយប្រទេសទាំងពីរនឹងប្រើប្រាស់ប្រាស់ រូបិយវត្ថុរបស់រុស្ស៊ី ជំនួសប្រាក់ដុល្លារអាមេរិក នៅក្នុង ការទិញដូរនេះ​​​។

កន្លងមកថ្មីៗរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោកស្រី​ Nirmala Sitharaman ​បានបញ្ចាក់ថា ប្រទេសរបស់លោកស្រីមិនអនុញ្ញាត ឲ្យទំនាក់ទំនងជាមួយរុស្ស៊ីរងផលប៉ះពាល់នោះឡើយដោយសារតែ​ការដាក់ទណ្ឌកម្មរបស់អាមេរិក។ ក្រៅពីនេះឥណ្ឌាក៏បានទិញកាំជ្រួចមីស៊ីលការពារ ដែនអាកាស S-400 ​ពីរុស្ស៊ីផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close