ថៃ៖ វ៉ាក់សាំងមួយដូសអាចចាក់ក្រោមស្បែកបានដល់ទៅ៥ដង មានប្រសិទ្ធភាពការពារកូវីដ១៩ ដូចគ្នា
រដ្ឋាភីបាលថៃបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង ប្រឆាំងកូវីដ ១៩នៅក្រោមស្បែក ដែលអាចជួយបំពេញតម្រូវការខ្វះវ៉ាក់សាំងបាន ដោយមួយដូសចាក់ចូលតាមសាច់ដុំអាចចាក់តាមស្បែកបានដល់ទៅ ៤ដង ។ ចំណែកប្រសិទ្ធភាពរបស់វាក៏ដូចគ្នាផងដែរ អាចការពារទប់ស្កាត់ការឆ្លងបានយ៉ាងល្អ។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ២០ខែកញ្ញា មន្ត្រីសុខាភិបាលថៃ បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ នៅក្រោមស្បែកនៅដូសជំរុញបន្ថែម ជាជាងចាក់នៅលើសាច់ដុំ ក្នុងគោលដៅ បង្កើនប្រទ័ន្ធការពារក្នុងសង្គម។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul នៅថ្ងៃទី ២០ខែកញ្ញា បានប្រកាសថា វិធីសាស្ត្រចាក់វ៉ាក់សាំង នៅក្រោមស្បែក ធ្វើឡើងតាមការសម្រេចរបស់ក្រុមឯកទេសសុខាភិបាលថៃ ឲ្យតែវាមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ។
លោក Chalermpong Sukonthaphon អគ្គនាយកមន្ទីរពេទ្យ Vachira ក្នុងទីក្រុងភូកេតបានឲ្យដឹងថា មន្ទីរពេទ្យបានបើកភ្លើងខៀវ ដើម្បីប្រើប្រាស់វ៉ាក់សាំងចាក់នៅក្រុមស្បែក តាំងពីថ្ងៃទី ១៧ខែកញ្ញា ។ ការសម្រេចខាងលើក្រោយការធ្វើតេស្តទទួលបានជោគជ័យដូចជាការចាក់ធម្មតា ហើយអាចសន្សំសំចៃវ៉ាក់សាំងបានទៀតផង។ លោក Sukonthaphon បានបញ្ជាក់ថា វ៉ាក់សាំងមួយដូស អាចប្រើប្រាស់បានដល់ទៅ៥ដងសម្រាប់ចាក់ក្រោមស្បែក។
ប្រធាននាយកដ្ឋាន វិទ្យាសាស្ត្រវេជ្ជសាស្ត្រ ថៃ លោក Supakit Sirilak កាលពីថ្ងៃទី ១៩ខែកញ្ញា បានបញ្ជាក់ថា«តាមបទពិសោធនាពេលកន្លងមក ការចាក់វ៉ាក់សាំងក្រោមស្បែកគឺប្រើវ៉ាក់សាំងតែ២៥%នៃវ៉ាក់សាំងមួយដូស ប៉ុន្តែអាចបង្កើតប្រព័ន្ធស៊ាំការពារបានល្អដូចចាក់នៅសាច់ដុំ។
មកទល់ពេលនេះមានពលរដ្ឋថៃតែ ២១%ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋ ៧២លាននាក់ បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ។ គិតត្រឹមថ្ងៃទី២១ខែកញ្ញា ថៃ មានករណីឆ្លងកូវីដ ១៩ សរុប ១,៤លាននាក់ និងស្លាប់ ជាង១៥ពាន់នាក់ហើយដោយកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។