ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមចំនួន ៣ទៀត បោះទុនវិនិយោគជាង ១៥លានដុល្លារ នៅកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តឲ្យគម្រោងថ្មីចំនួន ៣ទៀត បើកដំណើរការនៅកម្ពុជា ក្នុងទំហំទុនវិនិយោគសរុប ១៥.១លានដុល្លារ និងបានផ្តល់ការងារជិត ៤០០កន្លែង។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “MOUNTAIN FOREST PRODUCT CO., LTD.” គម្រោងបង្កើតរោងចក្រផលិតក្តាបន្ទះ ក្តាប៉ាកេ គ្រឿងសង្ហារឹម គ្រឿងបង្គុំគ្រឿងសង្ហារឹម សម្ភារៈតុបតែងពីបន្ទះឈើ និងដុំកម្ទេចឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង។
២- “KINGMALL INDUSTRIAL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទ្វា បង្អួច និង ផលិតផលធ្វើអំពីអាលុយមីញ៉ូម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។
៣- “CAMBODIAN BIRCHEVER FURNITURE CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩០កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។