បោះឆ្នោតកាណាដា៖ នាយករដ្ឋមន្ត្រី Justin Trudeauទទួលបានជ័យជម្នះ
ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីJustin Trudeau នៅតែមានដដែលហើយពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រលោក ហើយនេះជាអាណត្តិទីបីហើយ ក្នុងការដឹកនាំប្រទេស។
សារព័ត៌មាន The Guardian បានផ្សាយថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានជាប់ឆ្នោតអាណត្តិទីបីជាបន្តទៀត ក្រោយពេលគណបក្សសេរីនិយមរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២០ខែកញ្ញា ។ លទ្ធផលនោះត្រូវបានលោក Justin Trudeau បញ្ជាក់ថាជាការច្បាស់លាស់ដើម្បីប្រទេសជាតិឆ្លងផុតជំងឺរាតត្បាតកូវីដ ១៩ ។
សារព័ត៌មាន CBC បានផ្សាយថាគណបក្ស សេរីនិយម របស់លោក Justin Trudeau កំពុងនាំមុខដោយទទួលបាន ១៥៦អាសនៈ ក្នុងចំណោមអាសនៈសភារុប ៣៣៨កៅអី។ នាយករដ្ឋមន្ត្រីត្រូវការអាសនៈចំនួន ១៧០ទើបគ្រប់ចំនួនសំឡេងភាគច្រើន ដើម្បីគ្រប់គ្រងរដ្ឋសភា ។ ចំណែកគណបក្សប្រឆាំង របស់លោក Erin O’Toole ទទួលបានកៅអីតែ ១២១ប៉ុណ្ណោះ ។
គណៈកម្មការរៀបចំការបោះឆ្នោតកាណាដា និងក្រុមអង្កេតការណ៍បោះឆ្នោត បានលើកឡើងថាលទ្ធផលនៅក្នុងតំបន់មួយចំនួននឹងត្រូវចំណាយពេលជាច្រើនថ្ងៃទៀតទើបដឹង ដោយសារតែសន្លឹកឆ្នោត បានបោះតាម សារ អេឡិចត្រូនិច។
នាយករដ្ឋមន្ត្រីកាណដា កាលពីខែមុនបានសម្រេចរៀបចំការបោះឆ្នោតមុនពេលកំណត់ ដោយសង្ឃឹមថាសង្គ្រាមប្រឆាំងកូវីដ ១៩របស់លោកនឹងដំណើរការដោយរលូន ប្រសិនបើគណបក្សសេរីនិយមរបស់លោកទទួលបានជ័យជម្នះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។