អណ្តើកហ្លួង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជបំផុត!
អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ គឺជាប្រភេទអណ្តើកទឹកសាបមានមាឌធំដែលស្នូករបស់វាមានប្រវែងរហូតដល់ ៦២,៥សង់ទីម៉ែត្រ។ អណ្តើកហ្លួងរស់នៅតាមព្រែក និងដៃសមុទ្រធំៗក្នុងតំបន់ភាគខាងត្បូងឧបទ្វីបម៉ាឡេ (ខាងត្បូងប្រទេសថៃ និងភាគខាងលិចប្រទេសម៉ាឡេស៊ី កោះស៊ូម៉ាត្រា និងមាននៅសេសសល់ខ្លះក្នុងប្រទេសកម្ពុជា។ ចំនួនអណ្តើកហ្លួងកំពុងមានថយចុះនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត។
ប្រភេទអណ្តើកក្នុងទ្វីបអាស៊ីជាច្រើនកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ ដោយសារតែការជួញដូរអណ្តើកខុសច្បាប់យកទៅបរិភោគ ធ្វើជាសត្វចិញ្ចឹម និងធ្វើជាឱសថបុរាណ នៅតែបន្តកើតមាន។ ចំនួនអណ្តើកហ្លួងនៅក្នុងប្រទេសកម្ពុជា ក៏កំពុងតែប្រឈមទៅនឹងកត្តាគំរាមកំហែងស្រដៀងគ្នានេះដែរ ដូចជាការធ្វើអាជីវកម្មបូមខ្សាច់ ការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រកដោយសារមានការរំលោភយកដីខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹក។ ពុំទាន់មានការសិក្សាតាមបែបវិទ្យាសាស្ត្រអំពីចំនួនអណ្តើកហ្លួងរស់នៅក្នុងទីជម្រកធម្មជាតិក្នុងប្រទេសកម្ពុជាទេ។
អង្គការ WCS សហការជិតស្និទ្ធជាមួយរដ្ឋបាលជលផល បាននិងកំពុងអនុវត្តសកម្មភាពអភិរក្សសំខាន់ៗដើម្បីការពារនិងអភិរក្សអណ្តើកហ្លួង។ សកម្មភាពទាំងនេះរួមមាន កម្មវិធីការការពារសម្បុក អប់រំនិងផ្សព្វផ្សាយបង្កើនការយល់ដឹង ការពង្រឹងការអនុវត្តច្បាប់ កម្មវិធីលើកស្ទួយជីវភាពសហគមន៍ ការចិញ្ចឹមថែទាំកូនតូចៗក្រោយពេលញាស់ និងការបង្កាត់មេបាពេញវ័យក្នុងមជ្ឈមណ្ឌល និងការតាមដានវត្តមានអណ្តើកក្រោយពេលលែងចូលក្នុងទីជម្រកធម្មជាតិ។
នៅឆ្នាំ២០០៥ រាជរដ្ឋាភិបាលបានចេញព្រះរាជក្រឹត្យប្រកាសចាត់ទុកប្រភេទនេះជាល្មូនតំណាងឱ្យប្រទេសកម្ពុជា និងដាក់ឈ្មោះ «អណ្តើកហ្លួង» ក្នុងគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រភេទនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។