ឯកឧត្ដម ថោង ខុន ប្រាប់​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ ត្រៀមលក្ខណៈ​បើក​ការហោះហើរ​ឡើងវិញ​

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ប្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​មួយ គឺ​ក្រុមហ៊ុន Sky Angkor Airline ឱ្យ​ត្រៀមលក្ខណៈ​បើក​ការហោះហើរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​-​អ្នកដំណើរ​ឡើងវិញ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ត្រៀម​ប្រកាស​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​នាពេល​ឆាប់ៗ​ខាងមុខ​ដែរ ប៉ុន្តែ​ស្របតាម​យន្តការ «​ទេសចរណ៍​សុវត្ថិភាព​»​។​

​ក្ដីសង្ឃឹម​ថ្មី​ខាងលើនេះ ត្រូវបាន​បង្ហាញឡើង​ក្នុងឱកាស​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline នា​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

នាឱកាស​នោះ ឯកឧត្ដម ថោង ខុន បាន​លើកឡើងថា «​រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​ត្រៀមលក្ខណៈ​ក្នុងការ​បើកទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ (​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួច​) ឡើងវិញ នាពេល​ឆាប់ៗ​ខាងមុខ ប៉ុន្តែ​ស្របតាម​យន្តការ​ទេសចរណ៍​សុវត្ថិភាព​»​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា នាពេលខាងមុខ​ឆាប់ៗ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ប្រកាស​អំពី​ការបើក​ទេសចរណ៍​សុវត្ថិភាព​នេះ​ជា​ផ្លូវការ ដោយ​កាលពីពេល​កន្លងទៅ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហើប​ម្ដង​រួចមកហើយ​ដែរ អំពី​ការត្រៀម​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​នេះ​។​

​ឯកឧត្ដម​បានបញ្ជាក់​ទៀតថា តាម​គម្រោង​ដូចដែល​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ គឺ​ចំពោះ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​នោះ នឹង​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមតែ ៧ ថ្ងៃ​ប៉ុណ្ណោះ គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​តំបន់​ទេសចរណ៍ ឬ​គោលដៅ​ទេសចរណ៍​ជាក់លាក់​ណាមួយ​ដែលមាន​សុវត្ថិភាព ពោល​គឺជា​តំបន់​ដែល​គ្មាន​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​-១៩​។​ ​ដូច្នេះហើយ​ទើប​លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline ត្រៀមលក្ខណៈ​ឱ្យបាន​ស្រេចបាច់​ក្នុងការ​ដឹកជញ្ជូន​ភ្ញៀវទេសចរ ក៏ដូចជា​អ្នកដំណើរ​ពី​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​ឡើងវិញ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​បញ្ជាក់​អំពី​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍​នៅលើ​ពិភពលោក​រួមទាំង​កម្ពុ​ជា​ផង​។ ទោះ​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ «​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ការស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩» និង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ខេត្តមណ្ឌលគិរី​។

​ឯកឧត្ដម​ថា ក្រសួងទេសចរណ៍​បានរៀបចំ​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការបើកទទួល​ទេសចរណ៍​សុវត្ថិភាព ក្នុងដំណាក់កាល​កូ​វីដ​-១៩ រួចហើយៗ ថែមទាំង​បានដាក់​ជូន​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​អនុម័ត​ផងដែរ​។​

​សូមជម្រាបថា ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline ត្រូវបាន​បង្កើតឡើង​នៅ​អំលុង​ខែមិថុនា ដោយ​កាលណោះ​មាន​ហោះហើរ​ត្រង់​រវាង​ប្រទេស​កម្ពុជា​ទៅមក​ខេត្ត​-​ក្រុង​ជាច្រើន​របស់​ប្រទេស​ចិន រួមទាំង​ទីក្រុង​តៃប៉ិ (​តៃវ៉ាន់​) ប្រទេស​វៀតណាម ប្រទេស​ជប៉ុន សាធារណរដ្ឋ​កូរ៉េ ប្រទេស​ឥណ្ឌា​ជាដើម​។ ក្រៅពីនោះ ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline ក៏មាន​ការហោះហើរ​ក្នុងប្រទេស​ផងដែរ ភ្នំពេញ​-​សៀមរាប និង ភ្នំពេញ​-​ព្រះសីហនុ​។​ ​ជាមួយគ្នានេះដែរ អ្នកគ្រប់គ្រង គូ ថេ​អូ ក៏បាន​បង្ហាញ​នូវ​ក្ដីសង្ឃឹម​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យបាន​ច្រើន​មកពី​ប្រទេស​ចិន ក៏ដូចជា​ប្រទេស​កូរ៉េ ប្រទេស​កំណើត​របស់លោក​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close