អាជ្ញាធរស្រុកបន្ទាយស្រី សម្រេចបិទផ្សារបន្ទាយស្រីជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍
ខេត្តសៀមរាប៖ បន្ទាប់ពីរកឃើញអាជីវករជាង២០នាក់មានវិជ្ជមានជំងឺកូវីដ-១៩
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ លោកទទួលបានព័ត៌មានថា មានអាជីវករនៅក្នុងផ្សារបន្ទាយស្រីចំនួនពីរនាក់ជាប្តីប្រពន្ធ ត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ក្រោយពេលទៅពិនិត្យជំងឺនៅក្នុងគ្លីនីកឯកជនមួយនៅក្នុងក្រុងសៀមរាបរួចមក ក្រុមការងារស្រាវជ្រាវរបស់ស្រុកបន្ទាយស្រីបានកំណត់មុខសញ្ញាដែលបានប៉ះពាល់ផ្ទាល់នឹងអ្នកទាំងពីរនេះភ្លាមៗ និងបានសម្រេចធ្វើតេស្តយកសំណាកលើអាជីវករទាំងអស់ជាង២០០នាក់នៅក្នុងផ្សារបន្ទាយស្រីទាំងមូល កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ព្រឹកមិញនេះ ដែលជាលទ្ធផលត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩សរុបចំនួនជាង២០នាក់ ។
លោក ឃឹម ហ្វីណង់ បានឲ្យដឹងទៀតថា ដោយបានការឯកភាពអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី បានសម្រេចបិទផ្សារបន្ទាយស្រីភ្លាមៗ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែកញ្ញាតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ មិនឱ្យឆ្លងរាលដាលទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀតនៅក្នុងស្រុកបន្ទាយស្រី ប៉ុន្តែរដ្ឋបាលស្រុក នឹងរៀបចំទីកន្លែងលក់បន្លែត្រីសាច់ និងរបស់របរចាំបាច់ប្រចាំថ្ងៃមួយចំនួនទៀតនៅទីតាំងថ្មីមួយ ដែលមានរក្សាគម្លាតសុវត្ថិភាពត្រឹមត្រូវ និងមិនបង្កហានិភ័យឆ្លងបន្តដល់អ្នកភូមិ ហើយចំពោះអ្នកលក់បន្លែត្រីសាច់នៅក្នុងតំបន់ថ្មីនេះ នឹងតម្រូវឱ្យធ្វើតេស្តយកសំណាក និងមានលទ្ធផលអវិជ្ជមានជាមុនសិន ព្រមទាំងមានពាក់ស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ និងស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីសំណាក់រដ្ឋបាលស្រុក។
ជាមួយគ្នានេះដែរលោកអភិបាលស្រុក បានស្នើសុំការយោគយល់ចំពោះផលប៉ះពាល់ដែលកើតចេញពីវិធានការបន្ទាន់មួយនេះ និងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់ ជាពិសេសអ្នករស់នៅជុំវិញផ្សារបន្ទាយស្រី ដែលគិតថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយករណីខាងលើ មេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគជាប្រញាប់នៅមណ្ឌលសុខភាពបន្ទាយស្រីផ្ទាល់តែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។