រដ្ឋមន្ត្រី​ទេសចរណ៍​៖ អ្នក​បម្រើការ​ទេសចរ​ណ៍​ទាំងអស់ ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស ទើប​អាច​ចូល​បំរើការ​បាន​

​ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏ដូចជា​ប្រធាន​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត​ទាំង ២៥ បាន​អះអាងថា អ្នក​បម្រើការ​នៅតាម​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូ​វីដ​-១៩ ស្ទើរតែ​ទាំងអស់​ហើយ ដែល​ប្រការនេះ​គឺ​ពិតជា​បាន​ជំរុញ​ឱ្យ​ការ​ទស្សនា​កម្សាន្ត​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផ្ទៃក្នុង ទទួលបាន​នូវ​សុវត្ថិភាព​ចំពោះ​សុខភាព​មួយកម្រិត​ទៀត​។​

​ការអះអាង​ចេញពី​ក្រសួងទេសចរណ៍ ក៏ដូចជា​មន្ទីរ​ទេសច​រណ៍​ទូទាំង​២៥​រាជធានី​-​ខេត្ត​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ស្ដាប់​របាយការណ៍​ពី​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត តាមរយៈ​ប្រព័ន្ធ​វីដេអូ Zoom Meeting នា​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍​បាន​បន្ថែម​នូវ​ពង្រឹង​ការអនុវត្ត «​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​» កាន់តែខ្លាំង​ឡើង ដើម្បី​ជំរុញ​ឱ្យ​គ្រប់​គោលដៅ​ទេសចរណ៍​នៅតាម​រាជធានី​-​ខេត្ត​កាន់​តែមាន​សុវត្ថិភាព​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បី​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​អោយ​កាន់​កាន់តែខ្លាំង​។​

​ជាមួយគ្នា​នោះ ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​ក៏បាន​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍ អ្នក​បម្រើការ​នៅតាម​គោលដៅ​ទេសចរណ៍​ទាំងអស់​ចូលរួម​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្នា ដើម្បី​គាំទ្រ​ដល់​ផែនការ​ជំរុញ​ការបើក​ទេសចរណ៍​ផ្ទៃក្នុង ក៏ដូចជា​ផែនការ​ត្រៀម​បើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ​នាពេលខាងមុខ​ផងដែរ​។​

​ទាំង​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន និង​ប្រធាន​មន្ទីរ​ទេសចរណ៍​សុទ្ធតែ​បាន​អះអាងថា អ្នក​បម្រើការ​នៅតាម​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូ​វីដ​-១៩ ស្ទើរតែ​ទាំងអស់​ហើយៗ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង គ្រប់​ដូ​ស​គ្រប់គ្រាន់ ទើប​អាច​អនុញ្ញាតិ​អោយចូល​បំរើការ​បាន​។​

​ឯកឧត្តម បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្នា​អស់ហើយ យ៉ាងតិច​ក៏​២​ដូ​ស​ដែរ ពិសេស​ប្រជាពលរដ្ឋ​នៅ​គ្រប់​រាជធានី​-​ខេត្ត​គឺ​ចាក់​សុទ្ធតែ​២​ដូ​ស​ហើយ ចាប់ពី ៩០% ដល់ ១០០% មានតែ ៣-៤ នាក់​ប៉ុណ្ណោះ ដោយសារ​ថា​ពួកគាត់​មាន​បញ្ហា​សុខភាព មន្ទីរ​ទេសចរណ៍​ទាំងអស់​បាន​រាយការណ៍​មក​បែប​ហ្នឹង​»​។​

​បើតាម​ការរាយការណ៍​បន្ថែម​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​មួយចំនួន​បានឱ្យដឹងថា ខេត្ត​ខ្លះ ចំពោះ​អ្នក​ដែល​គ្មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង គឺ​តម្រូវឱ្យ​ធ្វើតេស្ត​រហ័ស ប៉ុន្តែ​ប្រសិនបើ​មិន​ព្រមធ្វើ​តេស្ត​រហ័ស​នេះ​ទេ គឺ​មិន​ឱ្យចូល​ទទួលទាន​អាហារ ឬ​ស្នាក់នៅ​នោះឡើយ​។ ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ គឺមាន​ការលើកទឹកចិត្ត​បន្ថែម​តាមរយៈ​ការបញ្ចុះ​តម្លៃ ៥% ឬ ១០% ជាដើម​។​

​ជាការ​សង្កត់ធ្ងន់​រប​ស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន កម្ពុជា​ត្រូវ​រៀន​រស់​ជាមួយ​កូ​វីដ មានន័យថា ប្រក​បរបរ អាជីវកម្ម ការងារ​ប្រចាំថ្ងៃ​បាន​ផង រួមគ្នា​ប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​នេះ​ផង​។

​ឯកឧត្តម​ថា កម្ពុជា​មិន​ប្រកាន់​នយោបាយ Zero Covid ដែល​មានន័យថា​ចាំ​ដល់​អស់​កូ​វីដ​ទើប​បើក​សេដ្ឋកិច្ច​ឡើងវិញ​ដូច​បណ្ដា​ប្រទេស​ខ្លះ​នោះឡើយ​។ ដូច្នេះ​ដើម្បី​អនុវត្ត​កិច្ចការ​នេះ​ទៅបាន គឺ​ត្រូវតែ​អនុវត្តតាម​ស្តង់ដា SOP ព្រមទាំង​វិធានការ «៣-​ការពារ ៣-​កុំ​» វិធានការ​សុខាភិបាល​ជាដើម ត្រូវ​ពាក់​ម៉ាស ត្រូវមាន​ទឹក​អាកុល ឬ​ជែ​ល​លាងដៃ ត្រូវ​រក្សា​គម្លាត រាល់ពេល​ទៅ​ទស្សនា​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ឬ​តំបន់​ទេសចរណ៍​ផ្សេងទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close