ខេត្តក្រុងចំនួន៥ សម្រេចផ្អាកការបើកទ្វារទេសចរណ៍ ដោយពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបាន ៧០%
គម្រោងបើកទ្វារវិស័យទេសចរណ៍សម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់នៅក្នុងខេត្តក្រុងចំនួន ៥នៅប្រទេសថៃត្រូវបានពន្យាពេល ដោយសារតែពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបានច្រើន ។
លោក Thanet Phetsuwan អនុប្រធាន ប្រព័ន្ធផ្សព្វផ្សាយនិង បដិសណ្ឋារកិច្ច នៃនាយករដ្ឋទេសចរណ៍ ថៃ TAT បានបញ្ជាក់ថា គម្រោងបើកទ្វារវិស័យទេសចរណ៍នៅខែតុលា នឹងត្រូវពន្យាពេលដល់ខែវិច្ឆិកាវិញ ក្រោយកិច្ចប្រជុំសម្រេចរវាង TAT និងក្រសួងសុខាភិបាលថៃ ស្តីពីការបើកទ្វារទេសចរណ៍ឡើងវិញ។ បច្ចុប្បន្ន ថៃនៅមានករណីឆ្លងកូវីដ ជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃនៅឡើយទេ។
ការសម្រេចពន្យាពេលបើកវិស័យទេសចរណ៍ស្ថិតនៅក្នុងខេត្តក្រុងចំនួន៥ ដូចជា Bangkok, Chiang Mai, Chon Buri, Phetchaburi និង Prachuap Khiri Khan ។ ជាមួយគ្នានេះ TAT នឹងតាមដានរាល់សកម្មភាព មុនពេលអនុញ្ញាតឲ្យហោះហើរឡើងវិញនៅខែមករាឆ្នាំ ២០២២។ នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលថៃបានប្រកាសថា បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,២៥២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ជាមួយគ្នានេះក៏មានងឺចំនួន ១៤១នាក់បន្ថែមទៀត បានស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៣,៦៩៥នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៥១១,៣៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ១៥,៧៥៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៣៦៦,៥៣៣នាក់។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤៤.៧លានដូស ក្នុងនោះប្រជាជន ១៥.១លាននាក់ (២១.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។