គ្រំចំពុះទាអាហារសមុទ្រមកពីខេត្តកោះកុង មានវត្តមាននៅផ្សារទំនើបម៉ាក្រូជា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន មានសុទិដ្ឋិនិយមថាការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទាដែលមានប្រភពមកពីកោះកុង គឺគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។ ការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដូច្នេះធ្វើឡើង ក្នុងឱកាសនៃការចូលរួមពិធីផ្សព្វផ្សាយផលិតផលគ្រុំចំពុះទារបស់សហគមន៍តំបន់ ការពារធម្មជាតិពាមក្រសោបខេត្តកោះកុងនៅក្នុងផ្សារទំនើបម៉ាក្រូ ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១ នេះ។
ឯកឧត្តម បានមានប្រសាសន៍ថា៖ «គ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាង ចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ»។
គួរបញ្ជាក់ថាការនាំយកគ្រំចំពុះទាម ដាក់លក់នៅផ្សារម៉ាក្រូនេះ ធ្វើឡើងក្រោមកិច្ចសហការរបស់គម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន ជាមួយផ្សារម៉ាក្រូទាំងនៅភ្នំពេញ និងខេត្តសៀមរាប បានរៀបចំបើកលក់ផលិតផលគ្រំចំពុះទាកោះកុងក្នុងតម្លៃពិសេសចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី ០៥ ខែតុលាឆ្នាំ២០២១។ ឯកឧត្តមនេត្រ ភក្ត្រាបានថ្លែងថា គ្រំចំពុះទាល្បីល្បាញឈ្មោះនៅបរទេសដោយសារវាមានរសជាតិឆ្ងាញ់ពិសា ប៉ុន្តែសម្រាប់កម្ពុជាវិញប្រជាពលរដ្ឋហាក់មិនសូវស្គាល់គ្រំប្រភេទនេះច្រើនប៉ុន្មាននៅឡើយទេ។
សម្រាប់ការដាក់លក់គ្រំចំពុះទាខេត្តកោះកុងនៅផ្សារម៉ាក្រូនាពេលនេះគឺជាការបង្ហាញឱ្យឃើញពីការពង្រីកកាន់តែទូលាយនូវទីផ្សារផលិតផលរបស់សហគមន៍ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងសេដ្ឋកិច្ចគ្រួសារសហគមន៍ ក៏ដូចជាចូលរួមក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ។
គួរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ក្នុងខេត្តកោះកុង អាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ ៣.២១០ តោន ក្នុង ១ រដូវហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យាពេលតិចតួចដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។