៨​ខែ ឆ្នាំ​២០២១​នេះ​! ការនាំចេញ​ទំនិញ​របស់​កម្ពុជា បាន​ជាង ១១​ពាន់​លាន​ដុល្លារ​

​ភ្នំពេញ​៖ រយៈពេល​៨​ខែ ពោល​ចាប់ពី​ខែមករា ដល់​សីហា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំចេញ​ទំនិញ​សំខាន់ៗ សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ សរុប​ជាង​១១​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​សរុប​ជាង​១៨​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍ របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។​

​របាយការណ៍​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា ៨​ខែ ឆ្នាំ​២០២១​នេះ ការនាំចេញ​របស់​កម្ពុ​ជា មាន​ចំនួន​១១,០៨៦​លាន​ដុល្លារ ធ្លាក់ចុះ​៥.៣៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២០​។​

​មុខទំនិញ​សំខាន់ៗ ដែល​កម្ពុជា បាន​នាំចេញ រួមមាន​៖ សម្លៀកបំពាក់​, ស្បែកជើង​, សម្ភារៈ​ធ្វើដំណើរ (​កាបូប​) ម៉ាស៊ីន​បរិ​ធាន និង​សម្ភារៈ​អគ្គិសនី​, កង់​, អង្ករ​, គ្រឿង​សង្ហា​រឹម និង​បរិ​ធាន​បំភ្លឺ​, កៅស៊ូ​ក្រែប​, ស្ករអំពៅ​, បន្លែ និង​ផ្លែឈើ​, និង​មុខទំនិញ​ផ្សេងៗ ជាច្រើន​ទៀត​។​

​ខណៈ​ទំនិញ​ដែល​កម្ពុជា​បាន​នាំចូល រួមមាន​៖ វាយនភ័ណ្ឌ​, សម្ភារៈ​សំណង់​, ដែក​, ស៊ីម៉ង់ត៍​, ទឹក រួមទាំង​ទឹករ៉ែ និង​ទឹក​មាន​ឧស្ម័ន​, ស្រា​បៀរ និង​ស្រា​ចម្រុះ​, រថយន្ដ​, ផលិតផល​ឱសថ​, ជី​កសិកម្ម និង​ថ្នាំ​សម្លាប់​សត្វល្អិត ឬ ស្មៅ​, គ្រឿង​អេឡិចត្រូនិក និង​សម្ភារៈ​អគ្គិសនី និង​មុខទំនិញ​ផ្សេងៗ ជាច្រើន​ទៀត​។​

​សូមបញ្ជាក់ថា ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ទំនិញ​សំខាន់ៗ សរុប​១៧,២១៥​លាន​ដុល្លារ កើនឡើង​១៦.៧២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន ១៤,៧៤៨ លាន​ដុល្លារ ខណៈ​ការ​នាំចូល សរុប​១៨,៥៩០​លាន​ដុល្លារ ថយចុះ​៧.៨៤​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ចំនួន​២០,១៧១​លាន​ដុល្លារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close