ទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឲ្យស្គាល់ប្រទេសខ្លួនឯងកាន់តែច្បាស់
ភ្នំពេញ៖ តាមរយៈសារសម្លេងពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសលើកទឹកចិត្តឱ្យពលរដ្ឋទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ នៅតាមសហគមន៍ ដែលរៀបចំបានល្អ ដើម្បីឲ្យបងប្អូនអាច«ស្គាល់ប្រទេសខ្លួនឯង» និងបានស្គាល់រមណីយដ្ឋានធម្មជាតិរបស់កម្ពុជា។

ការជំរុញទេសចរណ៍ធម្មជាតិ ជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្តល់ជម្រើសថ្មី មុខរបរថ្មី បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងកាត់ផ្តាច់មុខរបររបស់ប្រជាពលរដ្ឋមួយចំនួនដែលពឹងអាស្រ័យទាំងស្រុងលើធម្មជាតិពោល គឺកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វដូចពេលមុនរបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ធម្មជាតិ។ ក្រសួងបរិស្ថាន បានចាត់ទុកថា នេះគឺជាយន្តការដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពសម្រាប់កិច្ចការពារ និងអភិរក្សធនធនធម្មជាតិ បន្ថែមពីការការប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ និងការបណ្តុះស្មារតីស្រឡាញ់មាតុភូមិ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន បាននឹងកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិដែលមានផ្ទៃដីទំហំ ៧,៣ លានហិកតា ស្មើ ៤១% នៃផ្ទៃដីប្រទេស ដែលក្នុងនោះតំបន់ការពារធម្មជាតិមួយចំនួនបានអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ទាំងនោះ។ បច្ចុប្បន្ននេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយចំនួន បាននឹងកំពុងតែគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ។
សហគមន៍មូលដ្ឋាន បានទទួលប្រយោជន៍ពីការកម្សាន្តតាមតំបន់ធម្មជាតិ តាមរយៈចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចនេះបានមកពីសេវាកម្មលក់សំបុត្រ ជួលទូកជិះកម្សាន្ត សេវាកម្មជូនភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ ការទិញវត្ថុអនុស្សារីយ៍។ នេះ មិនគិតពីការចំណាយរបស់លើអាហារ និងសម្ភារៈផ្សេងទៀតដែលភ្ញៀវទេសចរបានចំណាយ ដូចជាការទិញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ផ្សេងទៀតសម្រាប់ដំណើរ កម្សាន្ត និងការស្នាក់នៅក្នុងព្រៃ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងថា ប្រជាពលរដ្ឋមានជម្រើសថ្មីនៅពេលប្រទេសមានការរីកចម្រើន គឺពីការចូលព្រៃដើម្បីតស៊ូ ប៉ុន្តែនៅសម័យតេជោ សន្តិភាព ចូលព្រៃ គឺជាដំណើរកម្សាន្តបែបធម្មជាតិ ស្វែងយល់ពីធម្មជាតិ និងដោយចិត្តស្រឡាញ់ធម្មជាតិ។ ជាក់ស្តែង ប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ដូចជាខ្នងផ្សារនៅក្នុងខេត្តកំពង់ស្ពឺ តំបន់បេតិកភ័ណធម្មជាតិភ្នំត្បែង ក្នុងខេត្តព្រះវិហារជាដើម ពួកគាត់អាចរកបានប្រាក់យ៉ាងហោច ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ពីការផ្តល់សេវាជូនភ្ញៀវ ជួយយួរអីវ៉ាន់ឡើងលើកំពូលភ្នំ។ នេះគឺជាផ្នែកមួយនៃការទទួលចំណូលរបស់ប្រជាពលរដ្ឋពីទេសចរណ៍ធម្មជាតិ។
ថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តតាមទីកន្លែងនានា ទោះបីជាផ្អាករៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារាមក៏ដោយ តែប្រជាពលរដ្ឋនឹងអាចស្វែងយល់ពីតម្លៃធម្មជាតិនៅក្នុងប្រទេសកម្ពុជាតាមរយៈការទៅកម្សាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិ ក៏ដូចជានៅតាមតំបន់ការពារធម្មជាតិនាននៅកម្ពុជា ដែលកំពុងបានការពារនឹងអភិរក្សបានយ៉ាងល្អ ពីរាជរដ្ឋាភិបាលកម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។