កម្ពុជានឹងមានភ្លៀងធ្លាក់ពេញ១សប្តាហ៍ទៀត
ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករថា ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពេញមួយសប្តាហ៍ទៀត ពោលគឺចាប់ពីថ្ងៃទី១៩ ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
តាមការបញ្ជាក់របស់ក្រសួងធនធានទឹក ស្ថានភាពនេះ គឺដោយសារតែប្រព័ន្ធសម្ពាធទាបបានបន្តអូសកាត់លើអាងទន្លេមេគង្គ និងបន្តមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។
លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យមក្នុងក្របខណ្ឌទូទាំងប្រទេស។ ហើយចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនក្នុងក្របខណ្ឌទូទាំងប្រទេស។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏ស្នើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ទំនាបកណ្តាល និងតំបន់ជួរភ្នំ ប្រុងប្រយ័ត្ន ព្រោះអាចនឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា ដោយអាចបង្កជាជំនន់ទឹកភ្លៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។