កម្ពុជាផ្តល់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac ចំនួន ២០ម៉ឺនដូសដល់ប្រទេសឡាវ
បើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសបានឲ្យដឹងនៅថ្ងៃនេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់វ៉ាក់សាំងប្រភេទស៉ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាលប្រទេសឡាវ ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
តាមលោកជំទាវ វ៉ាក់សាំងស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូសនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងឱ្យលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស ដែលជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនរដ្ឋាភិបាលឡាវ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
ពិធីប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូស នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ករបស់ឡាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។