ក្រសួងធនធានទឹក ៖ ស្ទឹងស្រែង (ក្រឡាញ់) ហក់ឡើងលើសកម្រិតប្រកាសអាសន្ន តែពុំទាន់មានគ្រោះមហន្តរាយកើតឡើងនៅឡើយ
ក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យដឹងថា ខេត្តសៀមរាប បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិតកម្ពស់ ១៣៣,២ មម នាថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប លើអាងស្ទឹងស្រែង ហើយទឹកនេះនៅក្នុងទំនប់អាងស្ទឹងស្រែង១ មានកម្រិតមិនទាន់ប្រកាសអាសន្ននៅឡើយ ។
តែស្ទឹងស្រែង(ក្រឡាញ់) ទឹកមានការឡើងលើសកម្រិតប្រកាសអាសន្ន តែពុំទាន់មានគ្រោះមហន្តរាយកើតឡើងនៅឡើយទេ ។
យ៉ាងណាក៏ដោយ ក្រុមការងារមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប នៅត្រៀមតាមដានដោយយកចិត្តទុកដាក់ជាទីបំផុត ។ ដោយសារមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើការត្រៀមបើកទ្វារទឹកទុកជាមុនបានទាន់ពេលវេលា ។
ខាងក្រោមនេះជាស្ថានភាពកម្ពស់ទឹកនៅតាមប្រព័ន្ធធារាសាស្ត្រថ្ងៃនេះដូចជា ៖
១-ទំនប់អាងទឹកស្ទឹងស្រែង១ ស្ថិតនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ទឹកមានកម្ពស់ ២៦,៦០ម៉ែត្រ ( ប្រកាសអាសន្ន ២៧,៥០ម៉ែត្រ)
២-ទំនប់អាងទឹកស្ពានស្រែង ស្ថិតនៅឃុំតាអាន ស្រុកក្រឡាញ់ ទឹកមានកម្ពស់ ១៣,៨៥ម៉ែត្រ (ប្រកាសអាសន្ន ១៤,៥០ម៉ែត្រ)
៣-ស្ថានីយស្ទឹងស្រែងទឹកមានកម្ពស់ ៨,៣០ម៉ែត្រ (ប្រកាសអាសន្ន ៨,០០ម៉ែត្រ) ស្ថិតនៅឃុំកំពង់ថ្កូវ និងសំណង់ទ្វារទឹកកាត់ស្ទឹងស្រែង (ដំណាក់ខ្ចាស់)ប៉ែកខាងក្រោមផ្លូវជាតិលេខ៦ ស្ថិតនៅឃុំសំបួរ ស្រុកក្រឡាញ់ទឹកមានលំហូរធម្មតា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។